នយោបាយ

រដ្ឋមន្រ្តីប្រកាសថា ចាប់ពីខែវិច្ឆិកា កម្លាំងប្រដាប់អាវុធ គ្រប់រាជធានី-ខេត្ត នឹងចាត់វិធានការក្រុមសម រង្ស៊ី

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការ លើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក ។

នេះគឺជាវិធានការណ៍ក្តៅថ្មីៗ ដោយរដ្ឋមន្រ្តីមហាផ្ទៃ បានចេញជាលិខិតផ្ទាល់ ផ្ញើទៅកាន់គណៈបញ្ជាការរាជធានី-ខេត្ត នៅទូទាំងប្រទេស នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្រោយពីសម្តេច ស ខេង បានចេញវិធានការផ្ទាល់មាត់ នាពេលកន្លងមក ។

ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលភាគីរាជរដ្ឋាភិបាល តែងតែហៅនោះ បានប្រកាសដាក់ចេញគម្រោងផែនការ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកល នៃការប្រកាសវិលត្រឡប់ ចូលមកកម្ពុជាវិញ ចំពេលកម្ពុជារៀបចំ ពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

សេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេច ស ខេង បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឲ្យបានល្អ នូវសភាពការណ៍ផ្ទៃក្នុង និងពង្រឹងការគ្រប់គ្រងសន្តិសុខ សំដៅបន្តបរិយាកាសល្អ ដល់ប្រជាជនចូលរួមពិធីបុណ្យជាតិទាំងពីរ ប្រកបដោយសុខសុវត្ថិភាព។

សម្ដេចមានប្រសាសន៍ថា “អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវមានវត្តមាននៅ រាជធានី-ខេត្ត សាមីជាប់ជាប្រចាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពិធីបុណ្យជាតិទាំងពីរ ត្រូវបានប្រារព្ធចប់សព្វគ្រប់។ ត្រូវរៀបចំចាត់ចែងមន្ត្រី ប្រចាំការនៅតាម សាលារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈ ដោះស្រាយសភាពការណ៍ចំពោះមុខ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន” ។

សម្ដេចបន្ដថា កងកម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យរទន្ទឹមនឹងការជំរុញការចូលរួម អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

បន្ថែមពីនេះ សម្ដេច ស ខេង ណែនាំដល់មេបញ្ជាការ កងកម្លាំងមានសមត្ថកិច្ចនានា ស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទ និងគ្រប់គ្រងចាត់ចែងប្រើប្រាស់ កម្លាំងស្របតាមផែនការ ដែលបានកំណត់ និងត្រួតពិនិត្យជាប្រចាំ នូវការអនុវត្តផែនការ។ សម្ដេចថា រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ និងអង្គភាពជំនាញ ត្រូវបង្កើនការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទឲ្យបានហ្មត់ចត់។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាជធានី-ខេត្ត ធ្វើការតាមដានក្តាប់សភាពការណ៍ សកម្មភាពចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល ដើម្បីចាត់វិធានតាមផ្លូវច្បាប់។ ត្រូវអប់រំប្រជាជន ឲ្យចៀសវៀងការចូលរួម ក្នុងសកម្មភាពណាមួយ នៃគម្រោងផែនការ ផ្តួលរំលំរាជរដ្ឋាភិបាល។

រដ្ឋមន្ដ្រីមហាផ្ទៃ ឲ្យគណៈបញ្ជាការ ក្រុង ស្រុក ខណ្ឌ ដឹកនាំនគរបាលរដ្ឋបាល ឃុំ-សង្កាត់ និងអាជ្ញាធរ ឃុំ-សង្កាត់ ភូមិ ឲ្យពង្រឹងកិច្ចសហការ បង្កើនការគ្រប់គ្រងការចេញ-ចូល របស់ប្រជាជន ស្របតាមលិខិតបទដ្ឋានកំណត់ និងគ្រប់គ្រងមុខសញ្ញានានា តាមគោលការណ៍ជំនាញ ៕ ដោយ ៖ អេង ប៊ូឆេង

To Top