នយោបាយ

កម្ពុជា-វៀតណាម នឹងសហការគ្នា ធ្វើសមយុទ្ធ សង្គ្រោះគ្រោះមហន្តរាយ នៅចុងឆ្នាំនេះ

ភ្នំពេញ៖ ដើម្បីផ្ដល់នូវផលប្រយោជន៍ ដល់ប្រជាជននៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នានឹងធ្វើសមយុទ្ធ សង្គ្រោះដេីម្បីសង្គ្រោះពេល មានគ្រោះមហន្តរាយ កើតមានឡើងដូចជា ភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម នៅខែធ្នូខាងមុខ ។

ការឯកភាពគ្នានេះបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Phan Van Giangអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះ លោក Phan Van Giang បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយបានពាំនាំ នូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី លោកនាយករដ្ឋមន្ត្រី នៃប្រទេស វៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានរាយការណ៍ជូន សម្ដេចតេជោថា លោកនឹងជួបពិភាក្សាការងារ ជាមួយនឹង លោក វង្ស ពិសេន នៅថ្ងៃស្អែកនេះ ហើយក៏បានជម្រាបជូន សម្ដេចតេជោ ពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដូចជាលើការរៀបចំ សមយុទ្ធ ពេលដែលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្ត ទៅនៅខែ១២ ខាងមុខ បញ្ហាសន្តិសុខ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹង ការហ្វឹកហាត់ បណ្ដុះបណ្ដាលនាយទាហាន យោធាជាដើម។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម ហើយសម្ដេចក៏បានសំដែង អំណរគុណចំពោះរបាយការណ៍ ដែលបានលើកឡើង ក្នុងជំនួបនេះ។

សម្ដេចតេជោ ក៏បានសម្ដែងនូវក្តីរីករាយផងដែរ ដែលបានដឹងពីទំនាក់ទំនង រវាងវិស័យកងទ័ព នៃប្រទេសទាំងពីរ នារយៈពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដែលទំនាក់ទំនងនេះ បាននាំនូវផលប្រយោជន៍ ជូនដល់ប្រជាជន ដែលកំពុងរស់នៅ តាមព្រំដែនផងដែរ។

ចំពោះការរៀបចំសមយុទ្ធ សង្គ្រោះពេលមានគ្រោះមហន្តរាយ វិញនោះ សម្តេចតេជោបានមានប្រសាសន៍ថា នេះជាការអនុវត្តមួយ ដែលផ្ដល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយ កើតមានឡើងដូចជា ភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។ ដូច្នេះការអនុវត្ត សមយុទ្ធនេះ គឺកងទ័ពកម្ពុជា ត្រូវចូលទៅកាន់ ទឹកដីវៀតណាម ហើយកងទ័ពវៀតណាម ត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាង ដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹង ដោយទូលំទូលាយផងដែរ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឲ្យមានសកម្មភាពមនុស្សធម៌ ក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូល ទៅព្យាបាល ប្រជាជនវៀតណាម ហើយប្រជាជនវៀតណាម អាចចូលមកព្យាបាល នៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមនៅពេលដែល មានគ្រោះមហន្តរាយ ហើយក៏អាចជំរុញឱ្យមានកម្មវិធី កីឡា សិល្បៈ ផងដែរ។ សំខាន់ជាងនេះ គឺធ្វើយ៉ាងណា បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងជំរុញបង្កលក្ខណៈ ណាឲ្យប្រជាជននៃប្រទេសទាំងពីរ អាចប្រកបអាជីវកម្មតាមព្រំដែន បានដោយងាយស្រួលផងដែរ៕

To Top