នយោបាយ

គុយបា ទទួលស្គាល់ការ រីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបាចប់អាណត្តិបានវាយតម្លៃ និងទទួលស្គាល់ការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោយការដឹកនាំរបស់ រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ។

លោកទូតបានកត់សម្គាល់ថា អំឡុងពេលបេសកកម្មលោកបានជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើន ។ 

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំសម្តេចតេជោ នាយរដ្ឋមន្ត្រីកម្ពុជា ។

ប្រធានព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចសាយ ឈុំ ត្រៀមខ្លួនជានិច្ចបន្តកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតជាមួយទូតគុយបាថ្មី ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមក៕

ដោយ ស សំណាង

To Top