កំពង់ចាម ÷ ដោយខ្លាចគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ នៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យអាជ្ញាធរផ្អាកធ្វើចរាចរណ៍ ឆ្លងកាត់ស្ពានគៀនជ្រៃ ជាបណ្ដោះអាសន្នសិន។ ដោយចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានទឹកហូរច្រោះគ្រឹះសសរស្ពាន និងបាក់ស្រុតច្រាំង តាមបណ្ដោយព្រែក ស្ថិតក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ប្រាប់អ្នកកាសែតថា ដោយសារទឹកជំនន់ឆ្នាំនេះឡើងលឿន ហើយស្រកចុះទៅវិញលឿន បានបង្កឲ្យមានការបាក់ស្រុតច្រាំងទន្លេ ជាច្រើនកន្លែង មានការខូចខាតជាច្រើន តាមបណ្ដោយដងទន្លេមេគង្គ ។ ទន្ទឹមនឹងនេះស្ពានគៀនជ្រៃ ដែលមានប្រវែង ៩០ម៉ែត្រ ឃើញថា កំពុងតែប្រឈមនឹងការបាក់ស្រុតផងដែរ ដោយក្រុមអ្នក បច្ចេកទេសពិនិត្យទៅ ឃើញមានគម្លាត ៦សង់ទីម៉ែត្រ ” ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដោយយថាហេតុ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្នសិន ដោយបញ្ចៀសប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និងស្ពានឈើនៅវត្តកៀនជ្រៃក្នុងវិញ ” ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះស្ពានថ្ម ដែលកំពុងប្រឈម នឹងការបាក់ស្រុតនោះ នៅពេលឆាប់ៗខាងមុខនេះ ខាងមន្ត្រីជំនាញ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះមកសិក្សា ពិនិត្យលទ្ធភាព ដើម្បីសាងសង់ស្ពានថ្មីឡើងវិញ និងសាងសង់ផ្លូវវាង សម្រាប់សម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យមានការអត់ធ្មត់ និងគោរពទៅតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ចៀសវាងការធ្វើដំណើរឆ្លងកាត់ លើស្ពានថ្មនោះ ដោយប្រថុយប្រថាន ដែលអាចនាំមក នូវគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលយើងនឹកស្មានមិនដល់ ៕




