ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ធ្វើបុណ្យកឋិនទានសាមគ្គី នាំយកបច្ច័យ ១០ម៉ឺនដុល្លារ កសាងវត្ត២

ភ្នំពេញ ៖ បុណ្យកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើង ដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សា មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រមូលបាននាំយកបច្ច័យចំនួន១០ម៉ឺនដុល្លារ ដើម្បីវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងវត្តវិមានតេជះ (ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

កម្មវិធីបុណ្យ ចាប់ពីល្ងាចថ្ងៃទី៣០តុលា បានធ្វើពិធីជួបជុំពុទ្ធបរិសទ័ ប្រារព្វពិធីក្រុងពាលី និងមនសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើន ព្រះបរិតនិងសម្តែងធម៌ទេសនា ក្នុងបរិវេណសាលាក្រុងភ្នំពេញ ជាមួយការចូលចាប់មគ្គផល តាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ញ្ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លុះព្រឹកឡើង ថ្ងៃទី៣១ តុលា លោកឃួង ស្រេង អភិបាលរាជធានី និងលោកស្រីដឹកនាំអង្គកឋិនទាន ដង្ហែរមកវេប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ចំណែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី ជាអ្នកដឹកនាំអង្គកឋិនទានដង្ហែ មកវេប្រគេនព្រះសង្ឃនៅវត្ត វិមានតេជះ (ហៅវត្តស្រះចក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

គួរបញ្ជាក់ផងដែរថា បច្ច័យចំនួន១០ម៉ឺនដុល្លារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនព្រះសង្ឃវត្តព្រះបារមី វង្គតបូរីកបិលភ័ស្ថ ចំនួន៥ម៉ឺនដុល្លារ និងប្រគេនព្រះសង្ឃវត្ត ស្រះចក ចំនួន៥ម៉ឺនដុល្លារដូចគ្នា ៕ ដោយ៖ ដារាត់

To Top