ព័ត៌មានជាតិ

សកម្មជនមួយរូប ក្នុងចលនាឧទ្ទាមខុសច្បាប់របស់ សម សេរី ត្រូវឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ភ្នំពេញ៖ អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៣១ ខែតុលា នេះ ថា សកម្មជនមួយរូប ក្នុងចលនាឧទ្ទាមខុសច្បាប់របស់ សម សេរី ត្រូវបានចោទប្រកាន់ ពីបទរួមគំនិតក្បត់ និង ត្រូវចៅក្រមស៊ើបសួរឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយថា កាលពីរសៀលថ្ងៃទី៣០ ខែតុលា សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យមួយរូប ទៅតុលាការពាក់ព័ន្ធ ករណីចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ ដឹកនាំដោយឈ្មោះ សម សេរី ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្រាវជ្រាវ ករណីខាងលើ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យ ឈ្មោះធុយ វី ហៅ ធុយ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូចស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូត ឈានដល់ធ្វើការឃាត់ខ្លួនកាលពី វេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៩ ខែតុលា តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុយ វី ឬ ធុយ ឬទ្ធី នេះ បានចាកចេញទៅប្រទេសថៃ ដោយមានការផ្តូចផ្តើម ពីឈ្មោះសម សេរី ជាមេចលនា រណសិរ្សរំដោះជាតិខ្មែរ និង ជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលនិរទេសជាតិខ្មែរខុសច្បាប់ ហើយឈ្មោះ ធុយ វី ធ្លាប់ត្រូវបានតែងតាំង ជាអ្នកនាំពាក្យរបស់រណសិរ្សរំដោះជាតិខ្មែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរដ្ឋាភិបាលនិរទេសខុសច្បាប់របស់ សម សេរី ផងដែរ ។

នៅក្នុងឆ្នាំ២០១៩ ឈ្មោះធុយ វី ត្រូវបាន សម សេរី តែងតាំងទៅជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសាសនា វិញ។

ឈ្មោះ ធុយ វី បានបញ្ជាក់ថា រូបគេពិតជាបានចូលរួម ក្នុងសកម្មភាពរួមគំនិតក្បត់ជាមួយ ក្រុមឧទ្ទាម សម សេរី និងក្រុម អតីត CNRP ពិតប្រាកដមែន ក្នុងនោះរូបគេបានចូលរួម ក្នុងការប្រជុំទទួលផែនការនានា, រៀបចំឯកសារនិងសៀវភៅ ដែលមានខ្លឹមសារញុះញង់ បង្កឲ្យមានចលាចលក្នុងសង្គម និងបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នយោបាយ និង ស្ថានភាពនៅក្នុងស្រុកខ្មែរ ដោយផ្តោតលើ ការរិះគន់វាយប្រហារ ដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

នៅប្រទេសថៃ ឈ្មោះ ធុយ វី និងសកម្មជន នៃរណសិរ្សរំដោះជាតិខ្មែរចំនួន ៦៦នាក់ រួមនិងសកម្មជនអតីត CNRP ប្រមាណ៥០០នាក់ មានទាំងមេដឹកនាំអតីត CNRP ប្រចាំនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានជួបជុំគ្នា ដើម្បីរៀបចំផែនការ និងចាត់តាំងធ្វើសកមម្មភាព ដោយរួមទាំងការប្រមូលមូលនិធិរួមគ្នា ជួយដល់ការធ្វើដំណើរ វិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការធ្វើរដ្ឋប្រហារ។

ឈ្មោះ ធុយ វី បានឆ្លើយបន្ថែមថា ចំពោះគូកននិងបក្ខពួករបស់ខ្លួន គឺនៅប្រទេសថៃទាំងអស់ មិនមាននៅកម្ពុជានោះទេ ហើយរូបគេតែង លួចចេញចូលមកប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែង ដែលអាចចូលបាន នៅពេលដែលមានកិច្ចការត្រូវធ្វើ ដើម្បីយកទៅរាយការឱ្យ សម សេរី មុនពេលបង្ហោះតាមបណ្តាញសង្គម ៕ គិរី

To Top