ព័ត៌មានជាតិ

ប្រមុខការពារជាតិ បញ្ជាកម្លាំងប្រដាប់អាវុធ ត្រូវចាត់វិធានការ ឲ្យមានប្រសិទ្ធភាព ចំពោះក្រុម ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវទៅដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលបានរៀបចំផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារ ទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅខេត្តសៀមរាម នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ សម្តេច ទៀ បាញ់ បញ្ជាឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការជំរុញបន្តចលនា អនុវត្តគោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាព។

សម្ដេចមានប្រសាសន៍ថា“កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ ដោយហិង្សាក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ”។

សម្ដេចបន្ដអំពាវនាវទៅដល់ ពលរដ្ឋដែលចាញ់ ឧបាយកលបោកបព្ឆោតរបស់ទណ្ឌិត សម រង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ។

សម្ដេចថា អ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ ទីកន្លែងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយដែរ។

សូមរំលឹកថា ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ប្រកាសដាក់ចេញ នូវគម្រោងផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រឡប់ ចូលមកកម្ពុជាវិញរបស់ ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក ចំពេលកម្ពុជារៀបចំពិធី ខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក៕ដោយ ៖ អេង ប៊ូឆេង

To Top