លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម នៅក្នុងពេលអញ្ជើញជាធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តការងារ ផ្នែកថែទាំសុខភាព ដល់ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស តាមបណ្តាសាខា ទូទាំងរាជធានី/ខេត្ត សរុបប្រមាណជាង ៨០នាក់ នាល្ងាចថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក អ៊ុក សមវិទ្យា បានថ្លែងដោយក្តីជឿជាក់ថា ៖ អស់លោក លោកស្រីទាំងអស់ នឹងយកបទពិសោធន៍ថ្មីៗ ទាក់ទងទៅនឹងការងារ សម្របសម្រួលសេវាមូលដ្ឋានសុខាភិបាល, បែបបទ និងនីតិវិធីទូទាត់ថ្ងៃសេវា, របៀបបញ្ជូលទិន្នន័យក្នុងប្រព័ន្ធ, ភាពខុសគ្នារវាងតាវកាលិក កម្មករនិយោជិត និងមន្ត្រីរាជការ, យន្តការទូទាត់ថ្លៃសេវារបស់កម្មករនិយោជិត និងមន្ត្រីរាជការ, នីតិវិធិនៃការចុះបញ្ជិកា និងបង់ភាគទានរបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ, តាវកាលិកសម្រាប់ផ្នែកថែទាំសុខភាព
និង អភិបាលកិច្ច អង្កេតគ្រោះថ្នាក់ការងារ ច្បាប់ការងារ និងអធិការកិច្ច ទៅអនុវត្តឱ្យបានត្រឹមត្រូវ ។
លោកប្រតិភូរាជរដ្ឋាភិបាល បានជម្រុញបន្ថែមឱ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. តាមបណ្តាសាខារាជធានី-ខេត្ត ទាំងអស់ពន្លឿនក្នុងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកបានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណា បម្រើសេវាជូនបងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានល្អប្រសើរ និងទាន់ពេលវលា ដើម្បីឆ្លើយតបទៅនិង គោលនយោបាយ ជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
រហូតមកដល់ពេលនេះ ស្ថាប័ន ប.ស.ស. ត្រូវបានប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងទាន់ពេលវេលានូវសេវាកិច្ចគាំពារសង្គម ជាពិសេសការផ្តល់សេវារបបសន្តិសុខសង្គម សម្រាប់បងប្អូនកម្មការិនី ជាស្រ្តីសម្រាលកូន៕