ព័ត៌មានជាតិ

បញ្ជូនជនជាតិចិន៦នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍

ភ្នំពេញ ៖ អនុវត្តន៍តាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនជនជាតិចិន៦នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធករណីក្លែងបន្លំ ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា និងហាមចូលកម្ពុជារយៈពេល៣ឆ្នាំពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ។

កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅចិន ៕

To Top