ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយឥតសំណង ២៧លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅកម្ពុជា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuidi sGANO ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ ប្រមាណជា២៧លានដុល្លារ ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញនេះ មានទិសដៅចម្រុះទឹកកខ្វក់ មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ នៅបឹងជើងឯកក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ និងបំពង់បង្ហូរទឹកកខ្វក់មានប្រវែង២ ០០០ ម៉ែត្រមានមុខកាត់ ៥០០ មីលីម៉ែត្រ តភ្ជាប់ ពីស្ថានីយ៍បូមបឹងត្របែក ។

រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាព ចម្រុះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើម នៅចុងឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ ៣២ខែ។

បន្ថែមពីលើការសាងសង់គម្រោង ក៏នឹងផ្តល់ជំនួយបច្ចេកទេស សម្រាប់ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការគ្រប់គ្រងរោងចក្រដំណើរការ និងហិរញ្ញវត្ថុផងដែរ ។

គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់នេះ ជាគម្រោងបំពេញបន្ថែម ឲ្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបានសាងសង់ ដោយហិរញ្ញប្បទានឥតសំណង របស់ជប៉ុនផងដែរ។

គួររំលឹកថា ហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីជប៉ុន ចាប់ពី ដំណើរការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន មានចំនួនសរុប ជាង ៥ ០០០ លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងជាង ៣៥០០ លានដុល្លារ៕
ដោយ៖ធី លីថូ

To Top