ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។
ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជន នៅក្នុងបញ្ជរសរុបចំនួន៣០០។ ក្រៅពីទទួលបាន ឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មាន ពីផែនការតម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើស កម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
ពិព័រណ៍នេះ ត្រូវបានរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់ នៅពិព័រណ៍កោះពេជ្រ ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា ជាពិសេសសំដៅផ្តល់ឱកាសទូលំទូលាយ ដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញ ឲ្យទទួលបានការងារកាន់តែប្រសើរ ចំណេញពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាត រវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ នៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបាការងារ បន្ទាប់ពីបញ្ចប់ការសិក្សា នៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថា មានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើន ជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹង អំពីការបង្កើនផលិតភាព សូមយុវជនសិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារ ដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការ ជ្រើសរើសកម្លាំងពលកម្ម៕