នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ជាថ្ងៃកំណត់នៃការប្រកាស វិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការផ្សព្វផ្សាយវីដេអូផ្លូវការ មួយក្រោមចំណងជើងថា«ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិ ដ៏ប្រពៃដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ»។
តាមរយៈវីដេអូ ដែលមានរយៈពេល ១៧នាទីនេះ បានបង្ហាញនូវចម្លើយសារភាព របស់អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនដែលប្រកាសឈប់គាំទ្រ និងពួកគេក៏បានបកអាក្រាតអំពី ផែនការរដ្ឋប្រហារដែលគ្រោងធ្វើនៅថ្ងៃ៩ វិច្ឆិកា ២០១៩ក្រោមលេសនៃការវិលចូល ប្រទេសរបស់ទណ្ឌិត សម រង្ស៊ី និងគូកន។
នៅក្នុងចម្លើយសារភាព ក៏បានបញ្ជាលក់ផងដែរថា មូលហេតុដែលធ្វើឱ្យពួកគេឈប់គាំទ្រ និងចូលមកសារភាព គឺដោយសារអ្នកទាំងនោះមានស្មារតី ភ្ញាក់រលឹក ហើយពួកគេមិនចង់ចូលរួម ក្នុងសកម្មភាពខុសច្បាប់ និងខុសពីអ្វីដែលពលរដ្ឋខ្មែរទូទៅចង់បាន ។
នៅក្នុងវីដេអូនោះ ក៏បានបញ្ជាក់ផងដែរថា ការចូលខ្លួនមកសារភាពកំហុសគឺជាការកសាងគុណសម្បត្តិ ដ៏ប្រពៃក្នុងការចូលរួមថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ជម្រើសល្អបំផុតសម្រាប់ខ្សែបណ្តាញរបស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជាអ្នកគាំទ្រសម រង្ស៊ី ផ្សេងទៀតដែលពាក់ព័ន្ធ ក្នុងផែនការរដ្ឋប្រហារនេះ គឺការចូលមកសារភាពចំពោះមុខអាជ្ញាធរ មានសមត្ថកិច្ចដើម្បីទទួលបានការលើកលែងទោសផង និងដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រផង និងការពារសុខសន្តិភាព សម្រាប់កូនចៅយើងផង។