ព័ត៌មានជាតិ

ក្រសួងការងារ៖ ផលិតភាពការងារ គឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព

ភ្នំពេញ៖ លោក ពេជ សោភ័ន មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ផលិភាពការងារ គឺជាកាធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ។

ថ្លែងក្នុងពិធីបើកសន្និសីទស្តីពី “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួស ត្រាយផ្លូវស ម្រាប់ការប្រកួតប្រជែងជាសកល” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក ពេជ សោភ័ន បានលើកឡើងថាសន្និសីទនេះ ត្រូវបានធ្វើឡើងទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ ពិព័រណ៍ការងារ រយៈពេល២ថ្ងៃដើម្បីបង្កើត ឱ្យមានឥទ្ធិពល និងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួមនេះ គឺផ្តោតលើការចែករំលែកចំ ណេះដឹង ឯកទេស បទពិសោធន៍នៃការអនុវត្តជោគជ័យ ដើម្បីចូលរួមចំណែកជាមួយការ ខិតខំរបស់កម្ពុជាក្នុងការបណ្តុះផ្នត់គំនិត  ឥរិយាបថ និងវប្បធម៌ក្នុងការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការកែលម្អគុណភាពការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ  ក៏ដូចជាត្រៀមលក្ខណៈ សម្រាប់ទាញយកសក្តានុពល និងជំនះហានិភ័យនៃការងារនាពេលអនាគត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងសុខដុមរមនា”។

លោកបញ្ជាក់ថា «ផលិតភាពគឺជាការ ធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះយើងត្រូវចាប់ផ្តើមពីខ្លួនយើង ម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែប វិជ្ជមាននៅកន្លែងធ្វើការ»។

ដើម្បីលើកកម្ពស់ផលិតភាព បានផ្តល់អនុសាសន៍បីចំណុចគឺ៖១.លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ, ២.ការចូលរួមដោយសកម្ម ដោយអ្នកគ្រប់គ្រង។ ៣.ត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការកាន់តែឆ្លាតវៃ។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោយការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយ គ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែ រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការ ពឹងផ្អែកលើកំណើនជំរុញដោយ កត្តាផលិតកម្មទៅពឹងផ្អែកលើ ផលិតភាពនិងការបង្កើតតម្លៃបន្ថែម សំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូល ប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ៖​ ស​ សំណាង

To Top