ព័ត៌មានជាតិ

កម្ពុជា កំពុងអភិវឌ្ឍ ខេត្តព្រះសីហនុត្រៀម ទទួលអ្នកវិនិយោគចិនបន្ថែមទៀត

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ទាំងមូលជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដែលបច្ចុប្បន្ន កំពុងអភិវឌ្ឍខេត្តមួយនេះលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់និងរឹងដើម្បីទទួលបានអ្នកវិនិយោគទុនថ្មីៗ បន្ថែមទៀត ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង សិប្បកម្ម បាន លើកឡើងក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Wei Zheng អគ្គលេខាធិការរង នៃសហព័ន្ធ សហគ្រិន និងសហគ្រាស ខេត្តFujian ប្រទេសចិន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កម្ពុជា-ចិន កំពុងឈានដល់ទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិន ខណៈកម្ពុជា មានលក្ខណៈ អំណោយផលគ្រប់បែបយ៉ាង ដែលកំពុង ទទួលបាននូវសុខសន្តិភាពពេញលេញ និងមានស្ថិរភាព ផ្នែកម៉ាក្រូសេដ្ឋកិច្ច ដែលជាទីចាប់អារម្មណ៍ សម្រាប់ការ ចូលមកវិនិយោគពីក្រៅប្រទេស នៃគ្រប់ជាតិសាស្ត្រ ។

លោកទេសរដ្ឋមន្ត្រី បន្តថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទីតាំងនៅខេត្តព្រះសីហនុ ទាំងមូលជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណងបច្ចុប្បន្ន រាជរដ្ឋាភិបាល បានកំពុងខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ខេត្តមួយនេះ នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់និងរឹង ដើម្បីទទួល បានវិនិយោគទុនថ្មីៗ បន្ថែមទៀត ។

ក្នុងនោះ នៅពេលខាងមុខនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ការពង្រីកប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ គម្រោង ដោយចំណាយទឹកប្រាក់ អស់ចំនួន១៥០លានដុល្លារអាមេរិក រួមនិងគម្រោង ឆ្នាំ២០២០ គឺការស្ថាបនាផ្លូវល្បឿន លឿន ភ្នំពេញ – ក្រុងព្រះសីហនុចម្ងាយ១៩០គីឡូម៉ែត្រ ចំណាយទឹកប្រាក់ អស់ ចំនួន ប្រមាណ ២ពាន់លានដុល្លារ អាមេរិក ដើម្បីទ្រទ្រង់បុព្វហេតុ វិនិយោគ និងការអភិវឌ្ឍន៍ ។

ជាការឆ្លើយតប លោក Wei Zheng អគ្គលេខាធិការរង នៃសហព័ន្ធសហគ្រិន និងសហគ្រាស ខេត្ត Fujian បានបង្ហាញ នូវចំណាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះ ការ បណ្តាក់ ទុន វិនិយោគនៅកម្ពុជា ជាពិសេស នៅ ខេត្តព្រះសីហនុ ដ៏មានសក្តានុពល ស្របពេលដែលប្រតិភូ របស់លោក ទើបមកពីទស្សនកិច្ច ស្វែងយល់នៅតំបន់សេដ្ឋកិច្ចពិសេសមួយ នៅខេត្ត នេះ ។
ជាមួយគ្នានេះដែរ លោក Wei Zheng ក៏បានបង្ហាញនូវទឹកចិត្ត រីករាយនិងរង់ចាំស្វាគមន៍ ចំពោះប្រតិភូ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយ លោកកិត្តិ សេដ្ឋាបណ្ឌិត ទៅ ទស្សនកិច្ច នៅ ខេត្ត Fujian នាពេល ខាងមុខ តបតាមការអញ្ជើញ របស់ប្រតិភូ ខេត្ត Fujian ដើម្បីពង្រឹងទំនាក់ទំនង និងការដកស្រង់ បទពិសោធន៍ ការងារឲ្យកាន់តែ ខ្លាំងក្លា ថែមទៀត ៕ ដោយ៖ បាន ធារ៉ូ

To Top