នយោបាយ

លោក ប៉ា ងួនទៀង សាទរការដោះលែង អតីតសកម្មជនបក្សប្រឆាំង

ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានសម្តែងការអបអរសាទរ ចំពោះអតីតសកម្មជន គណបក្សសង្រ្គោះជាតិ ដែលត្រូវបានដោះលែង ឲ្យមានសេរីភាពវិញជាបន្តបន្ទាប់ ។

អតីតសកម្មជន របស់គណបក្សសង្រ្គោះជាតិ ប្រមាណជា១០០នាក់ ត្រូវបានចាប់ខ្លួន និងរត់គេចខ្លួនទៅក្រៅប្រទេស ដោយសារអាជ្ញាធរកម្ពុជា ចោទប្រកាន់ធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោក សម រង្ស៊ីនៅពីក្រោយខ្នង មុនមាតុភូមិន្ទនិវត្តរបស់លោក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប៉ុន្តែនៅថ្ងៃ១៤ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យលើសំណុំរឿងនេះ ដើម្បីឈានទៅដល់លែងពួកគេ។ ក្នុងនោះសម្តេចក៏បានអំពាវនាវ ឲ្យអ្នករត់គេចខ្លួនទៅក្រៅប្រទេស ត្រឡប់មកវិញផងដែរ។

លោក ប៉ា ងួនទៀង លើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ១៥ វិច្ឆិកា ថា “ខ្ញុំសូមអបអរសាទរ ចំពោះសកម្មជន ដែលត្រូវបានដោះលែងថ្មីៗនេះ តែខ្ញុំនៅតែអំពាវនាវ អោយមានការដោះលែង សកម្មជនដទៃទៀត ដូចជា លោក ចៅ វាសនា (អតីតចៅសង្កាត់ ប៉ោយប៉ែត) លោក គង់ រ៉ៃយ៉ា លោក សួង នាគពន្ធ័ លោក រត្ន័ មុន្នី”។

លោកថា ដើម្បីយុត្តិធម៌ទាំងអស់គ្នា និងយូរអង្វែងកម្ពុជា ដាច់ខាតត្រូវតែមានប្រពន្ធ័យុត្តិធម៌មួយ ដែលឯករាជ្យពិតប្រាកដ៕

To Top