នយោបាយ

បក្សកាន់អំណាច៖ សំដីសមាជិក ព្រឹទ្ធសភាអាមេរិក គ្មានប្រសិទ្ធភាព ចំពោះកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំដីរបស់សមាជិកព្រឹទ្ធសភាមួយរូប របស់សហអាមេរិក មិនមានប្រសិទ្ធភាព ចំពោះកម្ពុជានោះទេ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមាជិកព្រឹទ្ធ សភាអាមេរិក ស្នើរដ្ឋាភិបាលខ្លួន គាំទ្រពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពោលគឺពេលដែលអតីតមេបក្សប្រឆាំង មិនត្រូវបានចូលស្រុក តាមការគ្រោងទុក នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃ១៧ វិច្ឆិកា យ៉ាងដូច្នេះថា «យើងយល់ថា ការស្នើសុំជាសិទ្ធិ របស់គាត់តែមិនមាន ប្រសិទ្ធិភាពអ្វី ដល់កម្ពុជានោះទេ ។ ចំណែកប្រជាធិបតេយ្យនៅកម្ពុជា រាល់ថ្ងៃគឺមិនមានអ្វីនោះទេ គឺមានសន្តិភាព ស្ថេរភាពនយោបាយ ប្រជាជនកម្ពុជា បានសេចក្តីសុខសប្បាយរីករាយ»។

លោក សុខ ឥសាន បន្តថា ក្រោមដំបូលដ៏ត្រជាក់ របស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងមានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អ ។ លោកក៏បានលើកឡើងថា ប្រសិនបើគ្មានលទ្ធិប្រជាធិប តេយ្យ និងការគោរពសិទ្ធិទេ សង្គមកម្ពុជា នឹងរង្គោះរង្គើរ រប៉ាត់របាយ ហើយមានចលាចល ។

លោកបញ្ជាក់ថា «បើគ្មានលទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិទេ បន្តិចមានគ្រាប់កាំភ្លើងនេះ ឮនៅទីនោះហើយ។ តែបច្ចុប្បន្ននេះ យើងមានលទ្ធិប្រជាធិបតេយ្យហើយ ដោយសារពលរដ្ឋ អាចប្រកបរបរបានធម្មតា ។ តែការវាយតម្លៃថាកម្ពុជា អត់មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺមិនត្រឹមត្រូវតាមការពិត ជាក់ស្តែងនោះទេ»។

ទាក់ទិនករណីលោក សម រង្ស៊ី មិនបានចូលស្រុក ត្រូវបានលោក សុខ ឥសាន អះអាងថា មកពីសម រង្ស៊ីគឺជាមនុស្សចង្រៃ ហើយប្រជាពលរដ្ឋ មិនស្វាគមន៍ និងជាមេដឹកនាំចង្រៃ ឬហៅថា មេឧន្ទាមក្រៅច្បាប់។ សម រង្ស៊ី មកកម្ពុជាមិនមែន ចេតនាល្អនោះទេ គឺមកដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ក្រោកប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ។ អីចឹងរាជរដ្ឋាភិបាល មិនស្វាគមន៍នោះទេ គឺទុកឲ្យសម រង្ស៊ី និងបក្ខពួកនិរទេសខ្លួន រហូតដល់ស្លាប់ខ្លួន នៅបរទេសតែម្តង។

ចំពោះសមាជិក ព្រឹទ្ធសភាអាមេរិកនេះដែរ លោក សុខ ឥសាន បានអះអាង ពីទំនាក់ទំនង អាមេរិកនិងកម្ពុជា មិនបោះបង់គ្នានោះទេ ព្រោះសមាជិក តំណាងរាស្ត្រអាមេរិក ដែលហែរហម សម រង្ស៊ី មកនោះ គឺមានតែ២ ឬ៣នាក់ប៉ុណ្ណោះ។ ដូច្នេះសមាជិកព្រឹទ្ធសភា រដ្ឋសភាអាមេរិក ប៉ុន្មាននេះ មិនមែនតំណាងឲ្យរដ្ឋអាមេរិកទេ មានតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ លោកប្រធានាធិបតី មិនគាំទ្រ សម រង្ស៊ី ទេ ទើបលោកដាក់តំណាងស្ថានទូត មកកម្ពុជា ។

យោងតាមការផ្សាយរបស់វិទ្យុវីអូអេ បានលើកឡើងថា លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស ដែលមកពីគណបក្សសាធារណរដ្ឋ របស់អាមេរិកនិយាយថា កម្ពុជាបច្ចុប្បន្ននេះ គឺរាជរដ្ឋាភិបាល បានបំបិទសំឡេង ក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយ ជំទាស់ ដែលចង់វិលត្រឡប់ មកកម្ពុជាវិញ៕

To Top