ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើង តាមរយៈបណ្តាញតេឡេក្រាម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សហភាពអឺរ៉ុប(EU)មិនមែនមានសន្តិភាព និងស្ថិរភាពជាងកម្ពុជាទេ គឺមានបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ហើយមកថាខ្លួនឯងមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សល្អជាងកម្ពុជាទៀត ។
លោកថា ប្រទេសខ្លះដែលអួតថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ តែបែរមកជាគាំទ្ររដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារទៅវិញ ។
ការលើកឡើងរបស់លោក សុខ ឥសាន នេះបន្ទាប់ពីគណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ៕