ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កម្ពុជាសហការជានិច្ច ជាមួយបណ្តាប្រទេសជាមិត្ត ក្នុងការទប់ស្កាត់ អំពើភេរវកម្ម ខណៈបញ្ហាភេរវកម្មនេះ គ្មាន ប្រទេសណាមួយអាចដោះស្រាយតែម្នាក់ ឯងបាននោះទេ ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍បាយ័ន ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូកលើកទី៦ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៨ ខែវិច្ឆិកា មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ និងរដ្ឋមន្ត្រីការពារជាតិ ប្រទេសបូកដូចជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី ញូហ្ស៊េឡែន ឥណ្ឌា សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក សម្ដេច ទៀ បាញ់ លើកឡើងថា ភេរវកម្ម និងអំពើហិង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុងផ្នែក សន្តិសុខខ្លាំងបំផុតសម្រាប់ សុវត្ថិភាព និងសុខដុមរមនាក្នុងសង្គមនាពេលបច្ចុប្បន្ន ។
សម្តេចបន្តថា ការគំរាមកំហែងទាំងនេះ នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើងនៅពេលត្រូវបានច្របាច់ បញ្ចូលជាមួយបច្ចេកវិទ្យាថ្មីៗ រាប់បញ្ចូលទាំងបច្ចេកវិទ្យាធម្មតា ដូចជា បណ្តាញសង្គម ដើម្បីកែន សមាជិកថ្មី និងបច្ចេកវិទ្យាស្មុគស្មាញ ដូចជា យន្ដហោះដ្រូនដែលបំពាក់ដោយអាវុធ ។
សម្តេច ទៀ បាញ់ បានប្រាប់រដ្ឋមន្ត្រីការពារជាតិទាំងនោះទៀតថា ដើម្បីពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងសង្គ្រោះមហន្តរាយ កងយោធពលខេមរភូមិន្ទ បានធ្វើលំហាត់ហ្វឹកហ្វឺនជាមួយកងទ័ពចិនស្តីពី ការប្រឆាំងភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ ។ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថភាពលើការសង្គ្រោះ គ្រោះមហន្តរាយដោយធ្វើលំហាត់ហ្វឹកហ្វឺនជាមួយវៀតណាមនៅខែក្រោយនេះ ។
ក្នុងរបាយការណ៍ នៃការអភិវឌ្ឍថ្មីៗរបស់អាស៊ានបានបញ្ជាក់ថា រាល់ការចូលរួមកិច្ចប្រជុំទាំងអស់បាន ចូលរួមដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខបច្ចុប្បន្ន និងទៅអនាគត ។ ទស្សនវិស័យរបស់អាស៊ាន ជំរុញឲ្យមានសន្តិភាព វិបុលភាពក្នុងតំបន់ ។ ការជំរុញឲ្យមានសន្តិភាព ស្ថិរភាព ក្នុងតំបន់គឺមានសារសំខាន់ធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាដើម ៕