ព័ត៌មានជាតិ

សម្តេច ស ខេង ឲ្យថ្នាក់ដឹកនាំ ខេត្តហូវយ៉ាងវៀតណាម និងខេត្តកំពង់ឆ្នាំង ចែករំលែកផ្នែកកសិកម្ម

ភ្នំពេញ ៖ខណៈខេត្តកំពង់ឆ្នាំង សំបូរជនជាតិវៀតណាមស្រាប់ ក្នុងឱកាសសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួបសម្តែងការគួរសមជាមួយ លោក លីវ៉ាន់ ហ៊ុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាបក្សខេត្តហូវយ៉ាង វៀតណាម នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩សម្តេច បានស្នើឲ្យដឹកនាំខេត្តមួយនេះ របស់វៀតណាម និងខេត្តកំពង់ឆ្នាំងរបស់ខ្មែរ ចែករំលែកបទពិសោធន៍ ផ្នែកកសិកម្មគ្នាទៅវិញទៅមក ។

សម្តេច ស ខេង អះអាងថា មូលហេតុជំរុញ ឲ្យថ្នាក់ដឹកនាំខេត្តរបស់វៀតណាមនេះ ចែករំលែកបទពិសោធន៍ ដោយសារខេត្តកំពង់ឆ្នាំង និងហូវយ៉ាងជាខេត្តកសិកម្ម ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងថា “សូមលើកទឹកចិត្តដល់ខេត្តហូវយ៉ាង និងខេត្តកំពង់ឆ្នាំង ដែលជាខេត្តកសិកម្មដូចគ្នានោះ ពិនិត្យលទ្ធភាព ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងវិស័យកសិកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការ នូវការគាំទ្រគ្នាទៅវិញទៅ មកលើវិស័យនេះផងដែរ”។

ជាការឆ្លើយតប លោក លីវ៉ាន់ ហ៊ុង ឯកភាពចំពោះការលើកឡើង របស់សម្តេច ស ខេង។

លោក លីវ៉ាន់ ហ៊ុង ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ក៏នឹងអញ្ជើញទៅទស្សនា នៅខេត្តកំពង់ឆ្នាំង និងសៀមរាបផងដែរ៕ ដោយ៖ អេង ប៊ូឆេង

To Top