សៀមរាប៖ ទិវាជំងឺទឹកនោមផ្អែម ពិភពលោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការពារគ្រួសាររបស់អ្នក ពីជំងឺទឹកនោមផ្អែម” ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម ទៅលើក្រុមគ្រួសារ និងការគាំទ្រអ្នកជំងឺទឹកនោមផ្អែម តាមរយៈបណ្តាណត្រឹមត្រូវ ការយល់ដឹងពីការគ្រប់គ្រង ថែទាំ បង្កា និងព្យាបាលជំងឺទឹកនោមផ្អែម ពីសំណាក់អ្នកជំនាញជូនដល់អ្នកជំងឺទឹកនោមផ្អែម ប្រមាណជិត៣០០នាក់ ថ្ងៃទី១៧ វិច្ឆកា ២០១៩ នៅអាប៉ូឡូផ្លាស្សា ខេត្តសៀមរាប។
ក្នុងទិវានេះក៏មានការ ដង្ហែរក្បួន កាន់បដារំលេចខ្លឹមសារអប់រំពីជំងឺទឹកនោមផ្អែមផងដែរ។ ទិវានេះរៀបចំឡើងដោយសមាគមជំងឺទឹកនោមផ្អែម កម្ពុជាសាខាខេត្តសៀមរាប ក្រោមកិច្ចសហការគាំទ្រ ដោយក្រុមហ៊ុន អាលីយ៉ង់ហ្វាម៉ាកាបូដ ឡាបូសាណូហ្វី រួមជាមួយដៃគូរសហការជាច្រើនទៀត។
លោកសាស្ត្រាចារ្យ កើកគី លឹម ប្រធានសមាគមជំងឺ ទឹកនោមផ្អែមកម្ពុជា សាខាខេត្តសៀមរាបបានមានប្រសាន៍ថា គ្រួសារពិតជាដើរតួនាទីយ៉ាងសំខាន់ ចាំបាច់ជួយដល់អ្នកជំងឺទឹកនោមផ្អែម ធ្វើយ៉ាងណាការពារក្នុងក្របខណ្ឌគ្រួសារឲ្យបានត្រឹមត្រូវតាមការណែនាំ របស់គ្រូពេទ្យ។
លោកសាស្ត្រាចារ្យ បានពន្យល់ថា ជំងឺទឹកនោមផ្អែម មាន៣ប្រភេទ ដោយប្រភេទទី១ច្រើនកើតលើក្មេង និងវ័យជំទង ដោយអ្នកជំងឺផលិតអាំស៊ុយលីនបានតិចបំផុត ឬក៏គ្មានតែម្តង។ សម្រាប់ប្រភេទទី២ ច្រើនកើតមានលើមនុស្ស ពេញវ័យ ហើយអ្នកជំងឺប្រមាណ៩០%ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នេះ។ អ្នកជំងឺប្រភេទទី២នេះ មិនអាចប្រើប្រាស់ បានល្អនូវអាំងស៊ុយលីនដែលបញ្ចេញនោះទេ។ ការគ្រប់គ្រងព្យាបាល ជំងឺប្រភេទនេះ ត្រូវមានរបៀប រស់នៅប្រកបដោយសុខភាពល្អ បង្កើនសកម្មភាពខ្លួនប្រាណ និងរបបអាហារប្រកបដោយ សុខភាពល្អ។ ដោយឡែកជំងឺទឹកនោមផ្អែម នៅពេលមានគ៌ត គឺកម្រិតជាស្ករក្នុងឈាមកើនឡើង ក្នុងអំឡុងពេលមានគ៌ក និងអាចបង្កផលវិបាកដល់ ម្តាយនឹងកូន។ ជំងឺប្រភេទនេះ ក៏អាចបាច់ទៅវិញ ក្រោមពេលសម្រាល ក៏ប៉ុន្តែម្តាយ ឬកូនអាចប្រឈមហានិភ័យ នៃការកើតមានជំងឺទឹកនោមផ្អែម ប្រភេទទី២នៅពេលក្រោម។
លោកសាស្រ្តាចារ្យ សេង សិរី ចូលរួមជាវគ្មិន នៃកម្មវិធីក៏បានលើកឡើងពី ផលវិបាកនានាដែលអាចកើតមានឡើងដោយ សារជំងឺទឹកនោមផ្អែមយ៉ាងដូច្នេះថា អ្នកជំងឺអាចប្រឈមការដាច់ សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាលដែល អាចធ្វើឲ្យអ្នកជំងឺ មានពិការភាព ដោយសារការស្លាប់ មួយចំហៀងខ្លួន ស្ទះសរសៃឈាមបេះដូងដែល បង្ករឲ្យគាំបេះដូង ខូចតម្រងនោម បាត់បង់អវៈយវៈ និងឆាប់ស្លាប់ជាដើម។ ទោះបីជាយ៉ាងណា លោកសាស្រ្តាចារ្យបានមានប្រសាសន៍លើកទឹកចិត្តថា “អ្នកកើតជំងឺទឹកនោមផ្អែមមិនគួរអស់សង្ឃឹមនោះឡើយ។
ទោះបីយើងដឹងថា ជំងឺទឹកនោមផ្អែមព្យាបាល មិនជាមែនពិត ប៉ុន្តែតាមរយៈការព្យាបាលតាមដានតាមក្បួនខ្នាតរបស់គ្រូពេទ្យ អ្នកជំងឺ អាចរស់នៅ និងធ្វើការងារដោយ មិនមានពិការភាព ឬគ្រោះថ្នាក់អ្វីឡើយ។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមមិនគួរមានការភ័យខ្លាចពេកនោះទេ ដោយយើងឃើញថា អ្នកកើតជំងឺទឹកនោម ផ្អែមប្រភេទ ទី២ទាំងនៅលើពិភពលោក និងនៅប្រទេសកម្ពុជា អ្នកខ្លះអាចរស់នៅ បានលើសអាយុ ៧០ឆ្នាំ ៦០ឆ្នាំ និងអាចប្រកបការងារ បានធម្មតា សំខាន់គឺការ តាមដាន និងព្យាបាលឲ្យបានត្រឹមត្រូវ។
តាមការគូល បញ្ជាក់ពីអ្នកជំនាញបានឲ្យដឹងថា រោគសញ្ញា នៃជំងឺទឹកនោមផ្អែម មានដូចជា ឆាប់ឃ្លាន ឆាប់ស្រេកទឹក ស្រកទម្ងន់ នោមញឹក អស់កម្លាំងខ្លាំង ជាដើម។ រោគសញ្ញាដែលអាច ជួបចំពោះមនុស្សប្រុស គឺការថយចុះចំណង់ផ្លូវភេទ ខ្សោយផ្លូវភេទ និងសាច់ដុំចុះខ្សោយ។ ដោយឡែករោគសញ្ញាចំពោះស្រ្តីវិញគឺការចម្លង រោគផ្លូវតម្រងនោម ការចម្លងរោគដោយមេរោគផ្សិត និងស្បែកស្ងួត និងរមាស់។
តាមការសិក្សាបានបង្ហាញថា ក្នុងឆ្នាំ២០១៧ មនុស្សពេញវ័យប្រមាណ៤២៥លាននាក់ (អាយុ២០ដល់៧៩ឆ្នាំ) កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈតួរលេខនេះត្រូវបានរំពឹងថា នឹងកើតឡើងដល់ ៦២៩លាននាក់ នៅត្រឹមឆ្នាំ២០៤៥។ មានតែពាក់កណ្តាលប៉ុណ្នោះ នៃអ្នកជំងឺទឹកនោមផ្អែមដែលដឹងថា ខ្លួនមានជំងឺទឹកនោមផ្អែម។
លោក Jim Mendoza តំណាងក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ដែលជាដៃគូរសហការរបស់សាណូហ្វីជាង២០ឆ្នាំមកហើយ បានមានប្រសាសន៍ថា ការចូលរួមចំណែកជាមួយ សមគមជំងឺទឹកនោមផ្អែម កម្ពុជាសាខាខេត្តសៀមរាបក្នុងទិវានេះជាទំនួស ខុសត្រូវសង្គមមួយដើម្បី លើកកម្ពស់ការយល់ដឹងជូនដល់ប្រជាជនកម្ពុជា។
លោកស្រី ញាណ ហេមា អនុប្រធានការិយាល័យបច្ចេកទេស និងជាតំណាង មន្ទីរសុខាភិបាលខេត្តសៀមរាប បាន សាទរចំពោះទិវានេះ និងបានថ្លែងអំណរគុណ ចំពោះសមាគមជំងឺទឹកនោមផ្អែមកម្ពុជា សាខាខេត្តសៀមរាប និងដៃគូរសហការដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែក អប់រំ និងលើកកម្ពស់ការយល់ដឹង ពីជំងឺទឹកនោមផ្អែមជូនដល់អ្នកជំងឺ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ហើយនេះក៏ជាការបង្ហាញថា ខេត្តសៀមរាប ក៏មានប្រារព្ធទិវានេះឡើងផងដែរ៕