ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសទីម័រខាងកើត អាចនឹងក្លាយទៅជាសមាជិកអាស៊ាន ខណៈវៀតណាមនឹងធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន ។
ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាជាមួយលោក ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រខាងកើត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោថ្លែងថា កន្លងមកកម្ពុជា បានខិតខំប្រឹងប្រែង ជួយដល់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយសម្តេចសង្ឃឹមថា នៅឆ្នាំ២០២០ ក្នុងឱកាសប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ទីម័រខាងកើត អាចនឹងក្លាយជាសមាជិកថ្មីមួយទៀត របស់អាស៊ាន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោបន្តថា កម្ពុជាអាចជួយទីម័រខាងកើត ក្នុងការកសាងសមត្ថភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក នាថ្ងៃអនាគតខាងមុខ ។
សូមបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាន រាប់មកដល់បច្ចុប្បន្នមាន១០ប្រទេស ខណៈកម្ពុជាបានចូលជាសមាជិក នៅឆ្នាំ១៩៩៩ ៕