ព័ត៌មានជាតិ

កម្ពុជាប្រាប់បង់ក្លាដែសថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរតែសហការគ្នា ពង្រឹងទំនាក់ទំនងពហុភាគី ក្នុងក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ លោកស្រីShirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែសថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក គួរតែធ្វើយ៉ាងណាសហការគ្នា នៅក្នុងកិច្ចខិតខំ ធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងពហុភាគី ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការ ទៅរកឯកតោភាគី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធានសភាប្រទេសបង់ក្លាដែស នៅថ្ងៃទី២០ វិច្ឆិកា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវត្តមាន របស់លោកស្រី Shirin Sharmin Chaudhury គឺបានបង្ហាញពីមិត្តភាព និងសាមគ្គីភាព រវាងប្រទេសអាស៊ីប៉ាស៊ីហ្វិក និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា ព្រមទាំងបានចូលរួមចំណែក ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរផងដែរ។

លោកស្រីបានមានប្រសាសន៍ អំពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសបង់ក្លាដេស និងកម្ពុជាដែលមានការវិវឌ្ឍទៅមុខយ៉ាងល្អ ហើយលោកស្រីក៏បានអរគុណប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរៀបចំ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក កន្លងទៅនេះ ដែលទទួលបានជោគជ័យ ជាពិសេសជំរុញយន្តការ នៃកិច្ចប្រជុំនិងធ្វើឲ្យកាន់តែមានសារសំខាន់ ដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ នៅក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់គណៈប្រតិភូ របស់ប្រទេសបង់ក្លាដេស ដែលបានចូលរួមនាំមកនូវជោគជ័យ ដល់កិច្ចប្រជុំទាំងមូល។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែរកមធ្យោបាយ ធ្វើយ៉ាងណាជំរុញយន្តការ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ អោយកាន់តែស៊ីជម្រៅជាងមុន ហើយជាពិសេសទៀត ប្រធានបទដែលបាន លើកយកមកពិភាក្សានៅពេលនេះ មានលក្ខណៈសំខាន់ជាពិសេស ការប្រមូលផ្តុំធ្វើយ៉ាងណា ឱ្យគណបក្សយោបាយ ពីបណ្ដាប្រទេសក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាការប្រសើរដែលលោកស្រី បានជួបសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងការពង្រឹងទំនាក់ទំនងរវាងសភា និងសភា ហើយសម្ដេច ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសទាំងពីរកន្លងមក បានចុះកិច្ចព្រមព្រៀងមួយចំនួនផងដែរ ដែលទី១ គឺនៅពេលដែល សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសបង់ក្លាដែស កាលពីឆ្នាំ២០១៤ និងមួយទៀត នៅពេលដែល លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស មកបំពញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៧។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសទាំងពីរ បានរួមចំណែកក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោកស្រី ជម្រាបជូនលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ពីការស្នើសុំក្នុងក្របខណ្ឌមេគង្គគង្គា ហើយសម្ដេចតេជោ កំពុងធ្វើការជាមួយបណ្តាប្រទេស ដែលជាសមាជិក នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គគង្គានេះ ដើម្បីស្នើសុំបញ្ចូលប្រទេសបង់ក្លាដែស ដូច្នេះត្រូវរង់ចាំការឆ្លើយតប ពីបណ្ដាប្រទេសដែលជាសមាជិក នៃគណៈកម្មការនេះសិន ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយ ក្នុងកិច្ចការដ៏សំខាន់នេះ៕

To Top