នយោបាយ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែក វិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យ សិក្សាអន្តរជាតិប៊ូសាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យ សិក្សាអន្តរជាតិប៊ូសាន ក្រោយសាកលវិទ្យាល័យនេះ បានមើលឃើញ និងទទួលស្គាល់ពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងការសម្រេចបានសមិទ្ធផលយ៉ាងធំធេង ក្នុងការធ្វើឲ្យមានស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការលើកកម្ពស់ភាព ជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ វិច្ឆិកានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អញ្ជើញអមដំណើរសម្តេចតេជោ រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តិធម៌ និងលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

មុនពេលអញ្ជើញចូលរួម កិច្ចប្រជុំកំពូលទាំងពីរខាងលើ សម្តេចតេជោ នឹងជួបប្រជុំទ្វេភាគីជាមួយ លោកប្រធានាធិបតី Moon Jae-in ដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ប្រធានបទនានាពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗមួយចំនួនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ផងដែរ។

នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាចំនួនពីរដង ដោយផ្តោតជាសំខាន់ទៅលើ៖ ១.ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ រយៈពេល៣០ឆ្នាំ និងទិសដៅអនាគតក្នុងកិច្ចខិតខំ ដើម្បីសម្រេចឲ្យបាន នូវសមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និង២.ការលើកកម្ពស់ការតភ្ជាប់។
ស្របពេល ជាមួយកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េនេះ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំដទៃទៀត នៃប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញ ទស្សនាព្រឹត្តិការណ៍សំខាន់ចំនួនពីរ រួមមាន ការបង្ហាញនៃការចាប់ផ្តើម និងវឌ្ឍនភាពនៃកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ និងការបង្ហាញនវានុវត្តន៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល មេគង្គ-សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ដោយផ្តោត លើកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ និងផែនការឆ្ពោះទៅមុខ
ដែលស្របជាមួយគោល នយោបាយភាគខាងត្បូងថ្មី។ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាការ តាំងពិព័រណ៍ពិសេសស្តីពី
កិច្ចសហប្រតិបត្តិការ ជីវៈចម្រុះរវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ។

សេចក្ដីប្រកាសបញ្ជាក់ថា «សម្តេចតេជោ នឹងអញ្ជើញទទួលសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យសិក្សាអន្តរជាតិប៊ូសាន ដោយសារសាកលវិទ្យាល័យនេះ បានមើលឃើញ និងទទួលស្គាល់ពីការ ដឹកនាំប្រកបដោយគតិបណ្ឌិត និងការសម្រេចបាន សមិទ្ធផលយ៉ាងធំធេង ក្នុងការធ្វើឲ្យមានស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូ
យុទ្ធសាស្រ្តរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ» ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ូសាន សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូលជួប សម្តែងការគួរសមដោយលោក អូ កែ-ដុន (Oh Keo-don) អភិបាលទីក្រុងប៊ូសាន។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាល ជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងតែរស់នៅ ក្នុងសាធារណរដ្ឋកូរ៉េផងដែរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងគូសបញ្ជាក់អំពីខួបលើកទី ៣០ឆ្នាំ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ ពីកិច្ចសហប្រតិបត្តិការ សម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឲ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។ លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹងក្លាយទៅជាព្រឹត្តិការណ៍ ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាង កម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេស មេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដ របស់ប្រជាជនខ្លួន។

នៅក្នុងក្របខ័ណ្ឌ រដ្ឋមន្រ្តីការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសក្នុងតំបន់មេគង្គដទៃទៀត នឹងអញ្ជើញ ចូលរួមកម្មវិធីអាហារពេលល្ងាចការងារ រៀបចំដោយលោកស្រី កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ៕ដោយ៖ ខា ដា

To Top