ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ធ្វើឡើងនៅខណ្ឌជ្រោយចង្វារ ដើម្បីជួបប្រជុំ ជាមួយប្រជាពលរដ្ឋ ក្នុងផ្សាររុងរឿង តំបន់ OCIC ពួកគេបានលើកឡើង នូវក្តីកង្វល់បញ្ហាពាក់ព័ន្ធទៅ នឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយបង្ហូរទឹកកង្វក់ និងកង្វះទឹកស្អាត ។
ប្រជាពលរដ្ឋ បានលើកឡើងពីផលប៉ះពាល់ក្នុងមូលដ្ឋាន ក្រោយតំបន់មានការអភិវឌ្ឍ ធ្វើឲ្យតំបន់មួយចំនួនរងផលប៉ះពាល់ និងជួបប្រទះបញ្ហាលើការ ខូចខាតផ្លូវ ដែលធ្លាប់ប្រើប្រាស់ និងបាត់បង់តំបន់ស្តុកទឹក ប្រព័ន្ធបង្ហូរទឹកកខ្វក់មិនទាន់ មានបណ្តាលឲ្យជន់លិចតាមកន្លែង បង្កឲ្យមានផលវិបាកក្នុងការរស់នៅ ។ ដោយឡែកប្រជាពលរដ្ឋ មួយចំនួនទៀត សំណូមពរឲ្យរៀប ចំប្រព័ន្ធទឹកស្អាតគ្រប់កន្លែង ខណៈប្រជាពលរដ្ឋខ្លះ នៅប្រើទឹកព្រែក ដែលជាទឹកមិនស្អាត ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
លោកបន្តថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់នេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ” ។
លោកបន្ថែមថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានបំណងជម្រុញវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់ គណនីភាព តាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ៕ ដោយ៖ ដារាត់