ភ្នំពេញ ៖ មិនខុសពីឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសារាចរណែនាំ ឲ្យរក្សាទឹកទុកប្រើប្រាស់ នៅឆ្នាំ២០២០ខាងមុខ ដោយសារអាកាសធាតុក្តៅ ហួរហែងខ្លាំង ជាពិសេសអាចបង្កបង្កើនផល ស្រូវប្រាំង បានតែម្តងគត់ ។
សារាចរបន្តថា ឆ្នាំ២០១៩ កម្ពុជាក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់ ទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីបាតុភូតអែលនីណូ បង្កឲ្យមានកត្តាអវិជ្ជមានច្រើន ដូចជាអាកាសធាតុ មានសភាពក្តៅហួតហែងខ្លាំង រដូងវស្សាមកដល់យឺតយ៉ាវ របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គប្រែប្រួលខ្លាំង ជាពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកស្រកចុះ ជាបន្តបន្ទាប់មកដល់កម្រិតមួយ ដែលមិនធ្លាប់ជួបប្រទះ។
ទោះបីចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូតអែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹងនឹងអាងទឹកនាពេលកន្លង មកបានរក្សាទឹក ទុកស្ទើរតែ១០០% ក្នុងក្របខណ្ឌទូទាំងប្រទេស យ៉ាងណាក្តី បញ្ហាគ្រប់គ្រងទឹកនិងប្រើប្រាសទឹក នៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ ចុងរដូវវស្សា ស្រូវរដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ខែនា ឆ្នាំថ្មី។
សារាចររាជរដ្ឋាភិបាលបញ្ជាក់ថា “ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកធម្មជាតិ ក៏ដោយ គួរគប្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ”។
រាជរដ្ឋាភិបាលឲ្យបានស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ប្រចាំថ្ងៃ៕