ព័ត៌មានជាតិ

ក្រុមហ៊ុនចិន គ្រោងបង្កើតរោងចក្រកែច្នៃសំរាម បំលែងជាថាមពលអគ្គិសនី ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនចិន បង្ហាញបំណង ចង់ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង តាមរយៈការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀត ក្នុងខេត្តនេះ តាមដែលអាចធ្វើទៅបាន ។ នេះបើយោងតាមAKP។

ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd នៃប្រទេសចិន បានអះអាងថា ក្រុមហ៊ុនរបស់លោក មានជំនាញបច្ចេកវិទ្យាក្នុងការកែច្នៃសំរាម មកជាថាមពលអគ្គិសនី នៅប្រទេសចិន ក្រៅពីការវិនិយោគ ក្រុមហ៊ុនក៏មានគម្រោង ការងារមនុស្សធម៌ជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានអញ្ជើញលោកអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម បំលែងទៅជាថាមពលអគ្គិសនី នៅប្រទេសចិនផងដែរ ។

ជាការឆ្លើយតបលោក គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុន ដែលមានបំណងមកធ្វើការវិនិយោគ លើវិស័យអគ្គិសនី ដែលយកវត្ថុធាតុដើមពីសំរាម សូមឱ្យក្រុមហ៊ុនសិក្សាលម្អិត បើមានផលវិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងបរិស្ថាន ផងដែរ ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគ បានចូលជួបពិភាក្សា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែច្នៃជាថាមពលអគ្គិសនី ក៏ប៉ុន្តែមិនបានឆ្លើយតប មករដ្ឋបាលខេត្ត គឺគ្រាន់តែមកហើយ ត្រឡប់ទៅវិញបាត់ស្ងាត់ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានបំណងវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត រដ្ឋបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រ ឡដុតសំរាមបំលែងជាថាម ពលអគ្គិសនី ទទួលបានលទ្ធផលផ្លែផ្កា នាពេលខាងមុខ ។

ក្នុងឱកាសនោះ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd ក៏បានផ្តល់អង្ករចំនួន ១០តោន ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គម ក្នុងខេត្តព្រះសីហនុ ៕

To Top