ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថាក្រោយធ្វើទំនើបកម្មនិងតភ្ជាប់ជាមួយផ្លូវ ហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែកុងតឺន័រថ្មីក្នុងខេត្តព្រះសីហនុ នឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ ក្នុងតំបន់អាស៊ានដែលអាចឲ្យកប៉ាល់ធំៗចូលចតបាន។
ក្នុងកិច្ចប្រជុំ សមាគមកំពង់ផែអាស៊ាន លើកទី៤៥ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាបន្តបន្ទាប់ធ្វើឲ្យស្របតាម ការកើនឡើងនៃពាណិជ្ជកម្ម ក៏ដូចជា ឲ្យស្របតាមផែនការយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបន្ដថា ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ កំពង់ផែភ្នំពេញ និងកំពង់ផែព្រះសីហនុ ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័រ បានរហូតដល់ ៣០០.០០០ ទូរក្នុង១ឆ្នាំ។
លោក មានប្រសាសន៍ថា “ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយ ផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន។ កំពង់ផែកុងតឺន័រថ្មីនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន ជាពិសេសប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យតាមអឡិចត្រូនិកនៅកំពង់ផែ ត្រូវបានអភិវឌ្ឍផងដែរ”។
លោកបន្ថែមថា កម្ពុជាគឺជាសមាជិកនៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងក៏ជាស្ថាបនិកមួយរូបនៃ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលធ្វើឲ្យកម្ពុជាទទួលបាន អត្ថប្រយោជន៍ជាច្រើន រួមមាន ៖ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគដោយមានប្រាក់កម្ចីសម្បទាន ការសាងសង់ផ្លូវល្បឿនលឿន ជាដើម៕
ដោយ៖ អេង ប៊ូឆេង