ភ្នំពេញ៖ក្មេងស្ទាវមួយចំនួនក្នុងខេត្តត្បូងឃ្មុំបានច្នៃបង្កប់ដែកឆាបដែលមានជ្រុង៣ ក្នុងប៊ិចសរសេរ សម្រាប់សម្លាប់មនុស្សឬធ្វើបាបគូសត្រូវ នៅពេលមានការ ប៉ះទង្គិចដោយហិង្សាម្ដងៗក្នុងពេលរាំធុងបាស ឬកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូច្នេះយុវវ័យក្មេងៗគួរយល់ដឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស បើឃើញមានការកែច្នៃឧបករណ៍សម្លាប់មនុស្សបែបនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បី ចាត់វិធានការ ទប់ស្កាត់និងបង្រ្កាបបានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិឃុំនីមួយៗ។
តាមរយៈវីដេអូឃ្លីបដែលមានរយៈ ពេលប្រមាណជាង១នាទីបង្ហោះដោយលោកដួងតារាប្រធាន ក្រុមបច្ចេកទេសគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាស្រ្តីម្នាក់បានអះអាងថាក្នុងមូលដ្ឋានរបស់គាត់មានអ្នកស្លាប់២ឬ៣នាក់រួចមកហើយដោយ សារតែឧបករណ៍កែច្នៃនេះប៉ុន្តែមូលហេតុពិតប្រាកដ នៃការស្លាប់មិនដែលត្រូវបានរកឃើញនោះទេទើបតែរូប គាត់បានឃើញប៊ិចកែច្នៃបង្កប់ដែកឆាបនេះក៏សន្និដ្ឋានថា អ្នកស្លាប់ដោយហិង្សាក្នុងពេលរាំធុងបាសកាលពីពេលមុន ៗបណ្ដាលមកពីឧបករណ៍ហ្នឹងតែម្ដង៕