ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លទ្ធផលជាបឋម រហូតមកដល់ពេលនេះ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា សមត្ថកិច្ចចុះបង្ក្រាបបាន១តោន។
ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា លទ្ធផលបឋមនេះអាចនិយាយបានថា ទទួលបានជោគជ័យមួយផ្នែកធំផងដែរ។
សម្ដេច មានប្រសាសន៍ថា “មកដល់ពេលនេះ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាក់បីដូចជា អាចនិយាយបានថា យើងទទួលជោគជ័យមួយផ្នែកធំ នេះជាសន្ដិដ្ឋានវាយតម្លៃជាបឋម ដោយសារអី? ដោយសារយើងបានបង្ក្រាបនៅរាង្គសាលចែកចែង គ្រៀងញៀនធំៗ ទាំងអស់ ក្នុងរាជធានីភ្នំពេញ”។
សម្ដេចថា “យើងបានរឹបអូសចាប់គ្រឿងញៀន សរុប១តោន មិនធម្មតាទេ ។ តាមច្រកផ្លូវគោកពីប្រទេសឡាវមកផង ហើយច្រកផ្ញើតាមប្រៃសណីយ៍ និងតាមច្រកព្រលានយន្ដហោះផង សរុបលេខមូលយើងចាប់បាន១តោន”។
សម្ដេចបញ្ជាក់ថា គ្រឿងញៀន១តោននេះ មិនមែន ប្រើប្រាស់សម្រាប់តែកម្ពុជាទេ តែសម្រាប់ចែកចាយទៅប្រទេសជិតខាង ដូចជា វៀតណាម ថៃ ជាដើម។ ទោះបី ចែកចាយទៅបណ្ដាប្រទេសដ៏ទៃក៏ដោយ នៅសល់ប៉ុន្មាននឹងចរាណ៍នៅកម្ពុជា។សម្ដេចថា បើសិនសមត្ថកិច្ច និងភាគី ពាក់ព័ន្ធមួយចំនួនទៀត មិនបានដោះស្រាយទាន់ពេលវេលាទេ ចរាចរណ៍គ្រឿងញៀននឹងរីករាលដាលដ៏ជនបទ បន្ថែមទៀត។
ដើម្បីលុបបំបាត់គ្រឿងញៀននៅកម្ពុជា ឲ្យមានប្រសិទ្ធិភាព សម្ដេច ស ខេង បានអំពាវនាវឲ្យ សមត្ថកិច្ចត្រូវរកប្រភពកន្លែងកែច្នៃផលិតគ្រឿងញៀន និងកន្លែងស្តុកគ្រឿងញៀន ព្រមទាំង ធ្វើការចុះបង្ក្រាបកន្លែងចែកចែងគ្រឿងញៀនជាបញ្ចប់តូចៗឲ្យអស់។ សម្ដេចរំលឹកថា នៅចុងឆ្នាំ២០១៩នេះ សម្ដេចមានគោលដៅយ៉ាងសំខាន់ ក្នុងការបំបាត់គ្រឿងញៀននៅតាមក្លឹបកម្សាន្ដ។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា កុំអន្ដរាគមន៍ និងកុំបន្ធូលបន្ថយ អ្នកជាប់ទោសដោយសារគ្រឿងញៀនឲ្យសោះ ហើយត្រូវតែអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា៕