ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យអន្តរាយដល់មនុស្ស សត្វ ខណៈប្រទេសកំពុង អភិវឌ្ឍន៍

កំពង់ចាម ÷  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ខណៈពេលដែលប្រទេសជាតិយើងកំពុងមាន ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ គ្រោះថ្នាក់ចរាចរណ៍ជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិឯកជន និងរដ្ឋជា ច្រើនផងដែរ ។ 

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងឲ្យដឹងថា ស្របពេលដែលប្រទេសជាតិយើង បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទាំងក្នុងក្រុង និងទីជនបទ និងកំណើនមធ្យោ បាយធ្វើដំណើរយានយន្តគ្រប់ប្រភេទ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការកើន ឡើងគួរឲ្យព្រួយបារម្ភផងដែរ ជាពិសេសហានិភ័យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ 

លោក អ៊ុន ចាន់ដា បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាននិងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិន ទាន់គិតដល់ការបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការឡើយ ។ ម្យ៉ាងវិញ ទៀត ការបាត់បង់ទ្រព្យសម្បត្តិ ដែលមានចំនួនច្រើនលើសលុប បើមិនជះឥទ្ធិពលធ្ងន់ធ្ងរផងដែរ ដល់សេដ្ឋកិច្ចជាតិ ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាតិ ។ 

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ ដែលការងារអភិវឌ្ឍន៍ចម្បង ទាមទារឲ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លើពិភពលោកនៅតែមានចំនួនខ្ពស់ នឹងកើនឡើងយ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ ជារៀង រាល់ឆ្នាំ ។ ហើយសម្រាប់ប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនៅទូទាំងប្រទេសគិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០១៩ នេះ បានកើនឡើង ៩៨ ៨ ករណី បណ្ដា លឲ្យមានអ្នកស្លាប់ចំនួន ១,៤៩៤នាក់ ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានអំពាវនាវឱ្យ គ្រប់បណ្ដាលមន្ទីរអង្គ ភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រ ទាប់ ក្នុងទូទាំងខេត្តកំពង់ចាម បង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមអនុវត្តច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាព អោយក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ។

To Top