ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់សុខាភិបាលខ្មែរ ចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីបង្ហាញ ពីគុណភាព

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរូបភាព២សន្លឹក ក្នុងការចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីបញ្ជាក់ពីគុណភាពសេវាសុខាភិបាលខ្មែរ ។

លោកស្រី ឱ វណ្ណឌីន បានបង្ហាញនៅលើហ្វេសប៊ុកថា ខ្លួនបានមកប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ លោកស្រីថា មានការជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានចំណេះជំនាញល្អពិតប្រាកដ ប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈបានជួយពិនិត្យ និងព្យាបាលជើងស្តាំរបស់លោកស្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានធូរស្រាល។

លោកស្រីបញ្ជាក់ថា “ខ្ញុំនឹងបន្តប្រើប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត ហើយក្នុងពេលសម្រាកព្យាបាល ខ្ញុំក៏បានពិនិត្យឃើញផងដែរថា មានបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាច្រើនកុះករបាននិងកំពុងប្រើប្រាស់សេវានៅមន្ទីរពេទ្យនេះ ដែលបានបង្ហាញពីទំនុកចិត្តរបស់បងប្អូនយើងលើសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយើង” ។

តាមរយៈសកម្មភាពមកព្យាបាលជំងឺរបស់លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលខ្មែរនេះ បានបញ្ជាក់ពីគំរូយ៉ាងល្អដល់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឲ្យងាកមករកសេវាព្យាបាលជំងឺនៅមន្ទីរក្នុងស្រុក ជៀសវាងទៅរកសេវាសុខភាពនៅក្រៅប្រទេសដែលនាំឲ្យខាតទាំងថវិកាច្រើន និងចំណាយពេលវេលាផងដែរ ៕

To Top