ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មានក្ដីសង្ឃឹមថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥ បានអនុម័តនាពេលនេះ នឹងជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានីភ័យគ្រោះទឹកជំនន់ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រទេសដៃគូ អភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លឹម គានហោ បានលើកឡើង នូវបញ្ហាប្រឈម ក្នុងអាងទន្លេមេគង្គ ជាពិសេស គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យលំហូរទឹកទន្លេមេគង្គ ក្នុងឆ្នាំ២០១៩នេះ មានកម្រិតទាបបំផុតដែលមិនធ្លាប់ជួបប្រទះ នាពេលកន្លងមក។
លោក មានប្រសាសន៍ថា “យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥ បានអនុម័តនាពេលនេះ នឹងជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានីភ័យ គ្រោះទឹកជំនន់ ដែលនឹងកើតមាន ឲ្យមានប្រសិទ្ធភាព។
ក្នុងនាម ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ លោក លឹម គានហោ ថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានជួយធ្វើឲ្យMRC សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រហូតមកដល់ពេលនេះ ក្នុងកិច្ចប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
លោកបញ្ជាក់ថា MRC បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ២០២១-២០២៥ ក្នុងគោលបំណងដើម្បីរួមចំណែក និងសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តក្នុងកិច្ចប្រជុំកំពូលMRC លើកទី៣ កាលពីឆ្នាំ២០១៨ នៅខេត្តសៀមរាប៕