ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់ស៊ីជម្រៅ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈ ឲ្យកាន់តែខិតជិតនៅជាមួយប្រជាពលរដ្ឋ ជាពិសេស ធ្វើយ៉ាងណា ឲ្យសេវាសាធារណៈ ប្រព្រឹត្តទៅបានលឿនរហ័ស។
ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមនិស្សិតជ័យលាភី អាហារូបករណ៍កម្ពុជា១៦នាក់ មុនពេលចាកចេញទៅសិក្សា នៅតាមបណ្ដាសាកលវិទ្យាល័យនានា ក្នុងប្រទេសណូវែសេឡង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ាល់ ចាន់តារ៉ា រដ្ឋលេខាធិការក្រសួង សាធារណការបានអះអាងថា ការផ្ដល់សេវាសាធារណៈឲ្យជិតពលរដ្ឋ គឺចំណេញពេលវេលា និងមានភាពងាយស្រួល ។
លោកមានប្រសាសន៍ថា “ក្រសួងសាធារណការ បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើសេវាសាធារណៈ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈ ឲ្យជិតបងប្អូនប្រជាពលរដ្ឋ សំដៅឲ្យការផ្ដល់សេវាសាធារណៈ ប្រព្រឹត្តទៅបានលឿន ចំណាយតិច និងចំណេញពេលវេលា ស្របតាមប្រសាសន៍ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មន្ត្រី គឺខ្ញុំបម្រើរាស្ត្រ ដូចនេះ ត្រូវបម្រើរាស្ត្រឲ្យបានលឿនឲ្យមានប្រសិទ្ធភាព និងតម្លាភាព”។
ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើឲ្យក្រុមនិស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀន សូត្រសិក្សាស្រាវជ្រាវ ពង្រីកទំនាក់ទំនងល្អ សហការសាមគ្គីរឹងមាំ ប្រព្រឹត្តតែអំពើល្អ និងប្រកាន់ឥរិយាបទថ្លៃថ្នូរ ជាពិសេសត្រូវចាំទុកថា និស្សិតម្នាក់ គឺជារាជទូតម្នាក់របស់កម្ពុជា ក្នុងការផ្សព្វផ្សាយពីឯករាជ្យភាព សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈរ របស់ប្រទេសទៅសកលលោក ៕ ដោយ ៖ អេង ប៊ូឆេង