កោះកុង:លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ និងយុវជនស.ស.យ.ក និងយុវជនសាខាកាកបាទក្រហម ស្រុកបូទុមសាគរ ចុះ ជួយច្រូតស្រូវ និងប្រមូលផលប្រជាពលរដ្ឋ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។
លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាថា ដោយមើលឃើញនូវភាពលំបាក របស់ប្រជាពលរដ្ឋជាស្ត្រីមេម៉ាយម្នាក់ ឈ្មោះ សំ មិន ដែលខ្វះខាតក្នុងជីវភាព និងកម្លាំងពលកម្មក្នុងការច្រូតស្រូវ ប្រមូលផលចូលលំនៅដ្ឋាន ហើយខ្វះថវិកា ដើម្បីជួលគេជួយច្រូតស្រូវ ក្នុងការប្រមូលផលស្រូវ យកមកទុកដាក់ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ នៅរដូវការនេះបន្ត។
ដោយមើលភាពលំបាករបស់គាត់ អាជ្ញាធរស្រុកបទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមចំណែក ពីយុវជនស្ម័គ្រចិត្តស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា នៃស្រុកបទុមសាគរខេត្តកោះកុង ដើម្បីជួយដល់កម្លាំងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះ នូវការខ្វះខាតកម្លាំងពលកម្ម ប្រមូលផលកសិកម្ម ឬនេសាទជាដើម។
លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បានថ្លែងថា នេះជាការប្រពៃណាស់ ដែលបងប្អូនប្រជាពលរដ្ឋ តែពួកគាត់ខ្វះខាតកម្លាំងពលកម្ម បានប្រាប់មកអាជ្ញាធរ ដើម្បីជួយដោះស្រាយ ជួយនូវជីវភាពរបស់ពួកគាត់ បានមួយកម្រិត និងបានជួយជាកម្លាំងពលកម្ម ក្នុងការប្រមូលផលកសិកម្ម បានមួយកម្រិតធំដល់គាត់។ ហេតុដូច្នេះហើយ លោកសូមឲ្យប្រជាពលរដ្ឋមួយចំនួន តែងខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលកសិកម្ម សូមរាយការណ៍ជូនមកអាជ្ញាធរដែនដី ឬភូមិឃុំ ឲ្យលោកបានដឹង ដើម្បីជួយដល់ពួកគាត់ ទោះបីស្ថិតក្នុងស្ថានការណាក៏ដោយ អាជ្ញាធរមិនព្រងើយកន្តើយ ជាមួយនឹងប្រជាពលរដ្ឋឡើយ។ ដោយអាជ្ញាធរត្រូវរកវិធីដោះស្រាយ ជូនគាត់ជារៀងរហូត មិនថាជិត ឬឆ្ងាយឡើយ ព្រោះនេះជាកាតព្វកិច្ចរបស់អាជ្ញាធរ ដែលទទួលខុសត្រូវ និងមើលថែប្រជាពលរដ្ឋ ឱ្យមានសុខដុមរម្យនា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ពីព្រោះបងប្អូនប្រជាពលរដ្ឋ គឺជាជាតិសាសន៍ឈាមជ័រខ្មែរតែមួយ ដូច្នេះទុក្ខកង្វល់ប្រជាពលរដ្ឋ ក៏ដូចទុក្ខកង្វល់របស់អាជ្ញាធរដែរ។
អ៊ំស្រីមេម៉ាយឈ្មោះ សំ មិន បាននិយាយឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ ខ្វះខាតទាំងជីវភាព ខ្វះខាតទាំងថវិការ ខ្វះខាតទាំងកម្លាំងពលកម្ម គាត់មានតែមុខរបរធ្វើកសិកម្មដាំស្រូវ ឬបន្លែបន្តិចបន្តួច ក្នុងរដូវការស្រូវទុំ គាត់មានការខ្វះខាតកម្លាំងពលកម្ម ថវិកា ដើម្បីជួលគេ ច្រូតនោះខ្លាំងណាស់ ដូច្នេះហើយ ទើបគាត់សម្រេចចិត្តរាយការណ៍ ទៅថ្នាក់ភូមិឃុំអាជ្ញាធរស្រុក ដើម្បីឲ្យគាត់ជួយដោះស្រាយ ក្នុងការច្រូតស្រូវ ដើម្បីប្រមូលផលចូលផ្ទះ ព្រោះគាត់មានការលំបាកពេក និងរស់នៅជាស្ត្រីមេម៉ាយ ចិញ្ចឹមថែបីបាច់កូនថែមទៀតផង។
តែអ្វីដែលសំខាន់ អាជ្ញាធរស្រុកបទុមសាគរ ដែលមានលោក ហាក់ ឡេង ជាអភិបាលស្រុក បានដឹកនាំកម្លាំងយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហម ស្រុកបទុមសាគរ មកចុះជួយប្រមូលផលស្រូវគាត់ ដឹកជញ្ជូនដល់លំនៅដ្ឋានថែមផង។
អ៊ុំស្រីថ្លែងអំណរគុណអាជ្ញាធរ ដែលបានជួយកាត់បន្ថយកម្លាំងពលកម្ម ដល់ក្រុមគ្រួសារគាត់ ដោយក្តីញញឹមរីករាយ មិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ៕