ព័ត៌មានជាតិ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត និងដោះទុក្ខកង្វល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាក្នុងមូលដ្ឋាន

កោះកុង: រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ខែវិច្ឆិការ ឆ្នាំ២០១៩ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់មូលដ្ឋាន និងមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ មកពីសង្កាត់ចំនួន៣ផងដែរ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតសំខាន់ទៅលើ គោលដៅសំខាន់ៗចំនួន៦មាន÷
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្តរយៈពេល ៩ ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ដំណើរការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ
៦-បូកសរុបលទ្ធផលវេទិកា។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣នេះ មិត្តប្រជាពលរដ្ឋ បានលើកឡើងសំណូមពរច្រើន គឺពួកគាត់ចង់បានផ្លូវនិងប្រពន្ធលូ ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរនិងបញ្ជៀសទឹក ឲ្យហូរបានលឿននៅរដូវវស្សាម្តងៗ ទាំងនេះជាការសំណូមពរ របស់ប្រជាពលរដ្ឋទាំង៣សង្កាត់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនតូចទៀត មិនទាន់បានបំភ្លឺ និងដោះស្រាយជូននៅឡើយ តែនៅដោះស្រាយជូន មិនឲ្យបងប្អូនលំបាកទេ។

ដូច្នេះក្នុងនាមលោក ជាក្រុមប្រឹក្សាខេត្តកោះកុង ខ្ញុំសូមធានាថា នឹងយកសំណួរ និងសំណូមពរ ដែលនៅសេសសល់ ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មាន ត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុងស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូល ទៅក្នុងគម្រោងផែនការណ៍របស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូន ឲ្យកាន់តែប្រសើរនិងមានសក្តានុពល និងបង្កើតភាពស្និទ្ធស្នាល រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ៕

To Top