ព័ត៌មានជាតិ

ធនាគារពិភពលោក ៖ ភាពរឹងពឹងនៃការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក បានឲ្យដឹងថា សកម្មភាពរឹងពឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុក ខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ឲ្យនៅរក្សាបានភាពស្វាហាប់ ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងថមថយល្បឿនមកនៅត្រឹម ៧ភាគរយ ក្នុងឆ្នាំ២០១៩ ចុះពី៧,៥ភាគរយក្នុងឆ្នាំ ២០១៨ ។

យោងតាមសេចក្តីជូនដំណឹង របស់ធនាគារពិភពលោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានលើកឡើងថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល៧០ភាគរយនៃ ទំនិញនាំចេញគ្រប់មុខ បានកើនចំនួន១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះបន្តិចវិញ មកនៅត្រឹម១៥,៣ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។

វិស័យសំណង់នៅបន្ត សកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឲ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផលការនាំចូលដែកសំណង់ បានស្ទុះឡើងយ៉ាងគំហុកដល់ទៅ ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី២៧,៧ភាគរយ ក្នុងឆ្នាំ ២០១៨។

ជាមួយគ្នានេះដែរ ហានិភ័យបន្តកើនឡើង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែមានការពាក់ព័ន្ធច្រើន ជាមួយវិស័យសំណង់ និងអចលនទ្រព្យអមដោយការពូនគរ របស់បំណុលផង ដែលក្នុងនោះទំហំនៃការខ្ចីបុល សរុបរួមគ្នាពីធនាគារ និងពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មានជាង១០០ភាគរយ នៃ ផ.ស.ស ទៅទៀត។

បន្ថែមលើនេះ លទ្ធភាពនៃការដកចេញ ភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ» (Everything But Arms/EBA) និងការធ្លាក់ចុះយ៉ាងគំហុកណាមួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន (ដែលអាចនឹងកើតមាន មកពីភាពតានតឹងពាណិជ្ជកម្ម រវាងអាមេរិក និងចិន) អាចបង្កផលប៉ះទង្គិចយ៉ាងខ្លាំង ទៅលើទស្សនវិស័យ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ជាមួយគ្នានេះ វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅឆ្នាំ២០២០ ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមាន ដែលបណ្តាលមកពីការដក EBA ប្រសិនបើនឹងកើតឡើងមែន។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកសម្រាប់កម្ពុជា មានប្រសាសន៍ថា “ដើម្បីឈានឡើង ទៅកាន់ដំណាក់កាលមួយទៀត នៃការចូលរួម ក្នុងខ្សែចង្វាក់តម្លៃសកលបាន ប្រទេសកម្ពុជាចាំបាច់ ត្រូវតែមានល្បាយគោលនយោបាយ កាន់តែទំនើបជឿនលឿនច្រើនថែមទៀត” ៕
ដោយ៖ អេង ប៊ូឆេង

To Top