ភ្នំពេញ៖ លោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកានេះបានចេញមុខ បដិសេធនិងច្រានចោល យ៉ាងដាច់អហង្ការ ចំពោះសារ របស់លោក Sok Paul Pen ដែលជាប្រធានចលនាយុវជន នៃចលនាសង្រ្គោះជាតិ មានមូលដ្ឋាន នៅទីក្រុងឡូវែល (LOWELL) រដ្ឋម៉ាសាចូសេត (Massachusetts) សហរដ្ឋអាមេរិក ដែលបានប្រឌិតព័ត៌មានថា កឹម សុខា និង សម រង្ស៊ី បានទូរសព្ទសួរសុខទុក្ខគ្នា ។
លោក មុត ចន្ថាចេញមុខ បដិសេធនិងច្រានចោល បែបនេះបន្ទាប់ពី លោក Sok Paul Pen បានសរសេរសារលើ គេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា” ខ្ញុំមានអារម្មណ៍សប្បាយ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីបានទទួលដំណឹងថា លោកទាំងពីរទូរសព្ទ សួរសុខទុក្ខគ្នា”។
លោក មុត ចន្ថា បានសរសរលើ គេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ប្រតិកម្មតបវិញថា “យើងច្រានចោល យ៉ាងដាច់អហង្ការ ចំពោះសារ របស់លោក Sok Paul Pen ដែលជាប្រធានចលនាយុវជន នៃចលនាសង្រ្គោះជាតិ មានមូលដ្ឋាននៅទីក្រុងឡូវែល (LOWELL) រដ្ឋម៉ាសាចូសេត(Massachusetts)សហរដ្ឋអាមេរិក ដែលបានសរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់ខ្លួនក្នុងបំណង ទុច្ចរិតដោយប្រឌិត ព័ត៌មានថា «លោកទាំងពីរ បានទូរស័ព្ទសួរសុខទុក្ខគ្នា» ដែលបុគ្គលនេះចង់សំដៅដល់ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៉ី”។
លោក បញ្ជាក់បន្ថែមថា “យើងបដិសេធយ៉ាងដាច់ខាត ចំពោះសារដែលឈ្មោះ Sok Paul Pen បានបង្ហោះនៅលើ គណនេយ្យហ្វេសប៊ុករបស់ខ្លួន នៅមុននេះបន្តិច។ យើងចាត់ទុកថា ទង្វើរបស់លោក Sok Paul Pen មានចេតនាទុច្ចរិតមកលើ ឯកឧត្តម កឹម សុខា ហើយយើងស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់”៕