ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំ ប្រារព្ធព្រឹត្តិការណ៍ អបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោល ក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ដោយមានការសម្តែង ល្ខោនខោលទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ នៅល្ងាចម៉ោង៦៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកានេះ។
សូមរំលឹកថា ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាល អស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ លើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
យោងតាម AKP បានឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍សម្តែង ល្ខោនខោលទ្រង់ទ្រាយធំនេះ គឺរៀបចំឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត។ កាន់តែពិសេសជាងនេះ ក្រៅពីមានការសម្តែងល្ខោនខោល ពីសំណាក់សិល្បករ ចំនួន ២៨០នាក់ នៅទីលានជល់ដំរី ហើយនោះ គឺមានកម្មវិធីទទួល អាហារប្រពៃណីខ្មែរ សម្រាប់ភ្ញៀវទេសចរ ដែលចូលរួមប្រមាណ៣០០០នាក់ ផងដែរ។ ជារួមព្រឹត្តិការណ៍នេះ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ ដ៏សំបូរបែប។
សូមចូលរួមទស្សនា និងគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាផ្នែកមួយគាំទ្រ ទម្រង់សិល្បៈវប្បធម៌ខ្មែរបុរាណ និងជាការលើកទឹកចិត្ត ដល់សិល្បករផ្នែកល្ខោនខោល ឲ្យពួកគាត់មានទឹកចិត្តក្នុងការសម្តែង និងដើម្បីជាការចួលរួមផ្សព្វផ្សាយ ពីសិល្បៈខ្មែរទៅកាន់ពិភពលោក ឲ្យបានស្គាល់កាន់តែច្បាស់ ៕