ព័ត៌មានជាតិ

ប្រមុខការពារជាតិ ទទួលស្គាល់ថា ទាហានការពារព្រំដែនខ្លះ មានជីវភាពខ្វះខាត(វីដេអូ)

ភ្នំពេញ ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្គាល់ថា ជីវភាពរបស់ទាហានការពារ តាមក្រវាត់ព្រំដែនមួយចំនួន មានជីវភាពខ្វះខាត ហើយត្រូវតែស្រង់ស្ថិតិពីពួកគាត់ឲ្យ បានច្បាស់លាស់ ដើម្បីធ្វើការបន្ថែមថវិកា និងឋានន្តរសក្ដិជូនពួកគាត់ ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍បាយ័ន។

ថ្លែងនៅក្នុងកម្មវិធី បិទសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារ បុគ្គលិក រយៈពេល ៥ ឆ្នាំ (២០១៥ ២០១៩) និងលើកទិសដៅ អនុវត្តន៍៥ ឆ្នាំ បន្ត (២០២០ ២០២៤) របស់ នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ទាហានការពារព្រំដែនខ្លះ នៅឆ្ងាយ ដាច់ស្រយាល ពីទីប្រជុំជនជាពិសេស គឺទាហានចាស់ៗ ដែលរស់នៅទាំងគ្រួសារ ពួកគាតពិតជា ជួបបញ្ហាខ្វះ ខាតខ្លាំង ដូច្នេះមេអង្គភាពដែល នៅតាមព្រំដែន ទាំងនោះ ត្រូវធ្វើយ៉ាងណា ហៅពួកគាត់ មក ដើម្បីបង្កើនឋានន្តរសក្ដិ ជូនពួកគាត់ ។

ប្រមុខការពារជាតិ បានបញ្ជាក់ថា « យើងត្រូវតែ បង្កើនប្រាក់ហូបឲ្យពួកគាត់ ហើយកន្លែងខ្លះមានគ្រួសារពួកគាត់ នៅជាមួយផង ដូច្នេះយើងត្រូវតែ បូកសរុប ឲ្យបានច្បាស់លាស់ ដើម្បីជួយដល់ពួកគេ ហើយការជួយនេះ គឺមិនត្រឹមតែ បន្ថែម ប្រាក់ហូបទេ គឺ ត្រូវតែដំឡើងឋានន្តរសក្ដិ ជូនពួកគេផងដែរ ។ ពេលខ្លះពួកគាត់ បានធ្វើការជាង ១០ ឆ្នាំទៅ ២០ ឆ្នាំហើយ តែឋានន្តរសក្ដិពួកគាត់ គឺនៅដដែល ជាពិសេស គឺបងប្អូនយើងដែលជាអ្នកធ្វើ សមាហរណកម្មនេះតែម្តង » ។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បាន ប្រៀបធៀប ទាហានការពារព្រំដែនខ្លះ មានស្ថានភាពយ៉ាប់ជាង ប្រជាការពារ នៅតាមភូមិទៅទៀត ដោយសារតែប្រជាការពារ ភូមិខ្លះមានអ្នកនេះ អ្នកនោះ ឧបត្ថម្ភជាប្រចាំ ខណៈ យោធាការពារព្រំដែនយើង នៅតែលើភ្នំនិងក្នុងព្រៃឆ្ងាយៗ ដែលជាប់និងព្រំដែនប្រទេសជិតខាងនោះ ។

យ៉ាងណាក៏ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ដល់បណ្តាមេៗ អង្គភាពទាំងនោះ ទៀតថាចាប់ពីពេលនេះតទៅ ត្រូវតែយកចិត្តទុកដាក់ចំពោះពួកគាត់ ដើម្បីឲ្យស្របទៅតាមការវិវឌ្ឍន៍ របស់ ក្រសួងការពារជាតិនិង ស្របទៅតាមការកំណែទម្រង់ របស់រាជរដ្ឋាភិបាលផងដែរ ៕ ដោយ៖ បាន ធារ៉ូ

To Top