ព័ត៌មានជាតិ

កូរ៉េសន្យា បន្តជួយលើកកម្ពស់ សុវត្ថិភាព និងសុខភាព ការងារ ដល់កម្មករកម្ពុជា

ភ្នំពេញ ៖ គណៈប្រតិភូ នៃទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA)នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយសន្យា នឹងបន្តជួយកម្ពុជាក្នុងការ លើកកម្ពស់បញ្ហាសុវត្ថិភាព និងសុខភាពការងារកម្មករនៅ តាមរោងចក្រសហគ្រាស កាន់តែប្រសើរបន្ថែមទៀត ដើម្បីបង្ហាញការគាំទ្រគម្រោងសិក្សាស្រាវជ្រាវ រៀបចំច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្ពុជាផងដែរ ។

ឆន្ទៈដ៏មោះមុតនេះ បានបញ្ជាក់ក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Heaeun CHOI អគ្គនាយករង នៃអគ្គ នាយកដ្ឋានអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្រសួងការងារកូរ៉េ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អ៊ិត សំហេង បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាង រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ក៏ដូចជាកូរ៉េ សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ពលករ នៃប្រទេសទាំងពីរ ក្រោមគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែលស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

ជំនួបពិភាក្សានេះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីកូរ៉េជួយពន្លឿន ការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដើម្បកាត់បន្ថយនូវគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈរបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដែលច្បាប់នេះ បានប្រើប្រាស់នៅក្នុងតំបន់អាស៊ាន រួចមកហើយដែរ លើកលែងតែប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់នេះនៅឡើយ។

ជាការឆ្លើយតប លោកស្រី Heaeun CHOI បញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ បានកំពុងរៀបចំច្បាប់ គតិយុត្តិ និងចុះសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធានាថា ក្រោយពីច្បាប់នេះត្រូវបានដាក់ឲ្យអនុវត្ដ គឺទទួលការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផលប្រយោជន៍ដល់កម្មករនិយោជិតកាន់តែប្រសើរឡើង។

ទន្ទឹមនេះដែរ ភាគីកូរ៉េ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ដែលបានផ្តល់ នូវកិច្ចសហប្រតិបត្តិការល្អ ហើយភាគីកូរ៉េ នឹងបន្តគាំទ្រដល់ការលើក កម្ពស់សុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស រឹតតែទទួលបានភាពល្អ ប្រសើរបន្ថែមទៀត៕

To Top