ព័ត៌មានជាតិ

ជនជាតិខ្មែរ ៦ម៉ឺននាក់ រស់នៅអូស្ត្រាលី ចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចនៅទីនោះ(វីដេអូ)

ភ្នំពេញ ៖ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អាណត្តិប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញទំហំពា ណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើន និងកើនឡើងឡើងថែមទៀត ខណៈលោកស្រីថ្លែងកោតសរសើរ ដល់ជនជាតិខ្មែរប្រមាណជា ៦ម៉ឺននាក់បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអូស្ត្រាលី ។

ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Angela Corcoran នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ឆ្នាំកន្លះ ដែលលោកស្រីទូត បំពេញការងារការទូតនៅកម្ពុជា ធ្វើឲ្យមានកិច្ចព្រមព្រៀង ពិគ្រោះពិភាក្សា ថ្នាក់ឧត្ដមមន្ត្រី របស់ក្រសួងការបរទេសទាំងពីរ ។ ជាក់ស្ដែងកាលពីពេលថ្មីៗ កន្លងទៅនេះគឺមានកិច្ចប្រជុំថ្នាក់ ឧត្ដមមន្ត្រីនៃក្រសួង ការបរទេស រវាងប្រទេសទាំងពីរ លើកទី១ នៅក្រុងកង់កង់ការ៉ា នៃប្រទេសអូស្ត្រាលី ។

លោកបន្តថា ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្ដល់ជំនួយជាច្រើន មកកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ច និងសង្គមមានការ រីកចម្រើន ។

លោកបន្ថែមថា ចំពោះជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី មកកាន់កម្ពុជា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មានចំនួន ១ពាន់លានដុល្លារ ដែលជំនួយទាំងនោះផ្ដោតសំខាន់ទៅលើ វិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម ជលផល ទឹក អប់រំ សុខាភិបាល ដោះមីន ព្រមទាំងសាលាក្ដីខ្មែរក្រហមផងដែរ ។

លោកបញ្ជាក់ថា «លោកស្រីទូត ក៏បានកោតសរសើរ ដល់ជនជាតិខ្មែរ ដែលរស់អូស្ត្រាលី ប្រមាណជា ៦ម៉ឺននាក់ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសនេះដែរ» ។

លោក កុយ គួង លើកឡើងថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា ពីការពង្រីកទំហំពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ ពីព្រោះកន្លងមកទោះបីកំណើន ពាណិជ្ជកម្មភាគី ទាំងពីរ មានការកើនឡើងក៏ដោយ ក៏ទំហំពាណិជ្ជកម្មនៅមានកម្រិតនៅឡើយ ។ ចាប់តាំងពីកម្ពុជា-អូស្ត្រាលី ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៣ ទំហំ ពាណិជ្ជមានត្រឹមតែ ២០-ទៅ៣០លានដុល្លារប៉ុណ្ណោះ ។ឆ្នាំ២០១៧ មានប្រមាណ ១៣០លានដុល្លារ ឆ្នាំ២០១៨ ឡើងដល់ ១៦០លានដុល្លារ ៕

ដោយ៖ ខា ដា

To Top