ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន អបអរសាទរ ខួប១ឆ្នាំនៃការដាក់បញ្ចូល ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរនៅលើ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។”
ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត បានរៀបចំការសម្តែង ល្ខោនខោល ទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ។
គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕