ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់បញ្ចូល ដែនជម្រកសត្វព្រៃ សៀមប៉ាង ខាងលិច និងដែនជម្រក សត្វព្រៃសៀមប៉ាង ជាតំបន់តែមួយ (វីដេអូ)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូល ដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ ការពារធម្មជាតិ តែមួយមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុប ១៣៣.៧០៧,៧៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ព្រំប្រទល់ និងផ្ទៃក្រឡាដែន ជម្រកសត្វព្រៃនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌ ខណៈពីមុនដែនជម្រកសត្វព្រៃសៀម ប៉ាងមានផ្ទៃដីទំហំ៦៦.៩៣២ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាង ខាងលិចមានទំហំផ្ទៃដី៦៥. ៣៨៩ហិកតា ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិ តែមួយនេះ គឺងាយស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវ ការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែនការគ្រប់គ្រង និងចំណេញថវិកា ស្របពេលដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្រ្ត និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា។

លោកបន្តថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅ ក៏បានទទួលការសិក្សា និងស្នើសុំបង្កើត«ព្រៃការពារ»តែមួយ សម្រាប់អភិរក្ស ធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ ។ ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង «សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់ នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយ នៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវៈជម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់ សម្រាប់ការអភិរក្ស ។ នៅក្នុងតំបន់នេះសំបូរ ទៅដោយសត្វស្លាបកម្រដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀល ជាដើម ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ សៀមប៉ាងដើម្បីធានាឲ្យមានការថែទាំសត្វព្រៃ និង ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាការបំពេញ លក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយ នៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ក៏ដូចជាផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការ ចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឲ្យបានគង់វង្ស។

រហូតទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដី តំបន់ការពារធម្មជាតិ ស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន លើផ្ទៃដីទំហំរហូតដល់ប្រមាណ៤១ភាគរយ នៃផ្ទៃប្រទេស ស្មើនឹងប្រមាណ៧,២លានហិកតា ដែលធ្វើឲ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន ៕ ដោយ ស សំណាង

To Top