ភ្នំពេញ ៖ លោក សាម អ៊ីន អគ្គលេខាធិការគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងជាទស្សនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា នឹងបន្តលេងល្បែង នយោបាយជាមួយ លោកសម រង្ស៊ី ដើម្បីថែរក្សាកម្លាំងមហាជន ដែលប្រឆាំងនឹងគណបក្ស ប្រជាជន កុំឲ្យងាកទាំងគំហុក ទៅគាំទ្រអ្នកដឹកនាំថ្មី ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សាម អ៊ីន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសរសេរថា តើកេរ្តិ៍ឈ្មោះសម រង្ស៊ី នឹងសាបរលាបដែរឬទេ ក្រោយថ្ងៃ ៩វិច្ឆិកា? បើទោះបី សម រង្ស៊ី ភូតកុហកអ្នកគាំទ្រគាត់ជាច្រើនដង អំពីការវិលចូលស្រុក ក៏កេរ្តិ៍ឈ្មោះនយោបាយរបស់ សម រង្ស៊ី មិនសាបរលាបភ្លាមៗទេ។
លោកថ្លែងថា “មានហេតុផលពីរសំខាន់ដែលជួយគាត់ (សម រង្ស៊ី) ទី១-ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អរបស់គាត់ពីមុនមក និងទី២-លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តលេងល្បែង នយោបាយជាមួយគាត់ ដើម្បីថែរក្សាកម្លាំងមហាជន ដែលប្រឆាំងនឹងគណបក្សប្រជាជន កុំឲ្យងាកទាំងគំហុកទៅគាំទ្រអ្នកដឹកនាំ ឬក្រុមដឹកនាំថ្មីណាមួយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិបាកប៉ាន់ស្មាន និងទប់ទល់” ។
លោករំលឹកថា មូលហេតុលោក សម រង្ស៊ី មានអ្នកគាំទ្រច្រើន? ពីព្រោះ លោកធ្លាប់មានស្នាដៃល្អកាលពីធ្វើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ (១៩៩៣-១៩៩៤) ដែលកាលនោះ លោកធ្លាប់ជួយអាជីវករនៅផ្សារអូឡាំពិក ដែលតវ៉ាប្រឆាំងនឹងអ្នកវិនិយោគទុន។
ជាងនេះ អគ្គលេខាធិការ គ ប មថា តើលោក សម រង្ស៊ី ចូលស្រុកមិនបាននៅថ្ងៃ៩ វិច្ឆិកា ដោយសារអ្វី? ដោយសារខ្លួនគាត់ផ្ទាល់។ ដោយសារលោកមិនហ៊ានជំនះ នឹងសេចក្តីភ័យខ្លាចដែលកើតឡើងក្នុងខ្លួនលោក ជាពិសេសប្រឈមនឹងការជាប់គុក។ លោកមិនហ៊ានជំនះ ដោយសារទឹកចិត្តលះបង់ដើម្បីជាតិ និងប្រជាធិបតេយ្យនៅមានកម្រិតទាបនៅឡើយ ៕ ដោយ អេង ប៊ូឆេង