ព័ត៌មានជាតិ

ជប៉ុនផ្តល់ជំនួយឥតសំណង ៤៤ ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍កសិកម្មកម្ពុជា កាន់តែរីកចម្រើន

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ប្រមាណជា៤៤ ម៉ឺនដុល្លារ ដល់អង្គការ IVY សម្រាប់អភិវឌ្ឍន៍ គម្រោងគាំទ្រកសិករខ្នាតតូច ដើម្បីធ្វើកសិកម្មតាមកិច្ចសន្យា លើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី២) ស្ថិតនៅខេត្តព្រះវិហារ ។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ខេត្តព្រះវិហារជាខេត្ត ដែលអង្គការកំពុងធ្វើសកម្មភាព ហើយជាខេត្តមួយ ក្នុងចំណោមខេត្ត ដែលមានអត្រាភាពក្រីក្រខ្ពស់នៅកម្ពុជា ដូច្នេះការកាត់បន្ថយភាពក្រីក្រ មានសារសំខាន់។

លោកទូតបន្តថា ខេត្តព្រះវិហារ គម្រោងនេះកំពុងតែគាំទ្រ និងខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ តាមរយៈការយកចិត្តទុកដាក់ ទៅលើគ្រាប់ស្វាយចន្ទី ដែលបានដាំដុះយ៉ាងសកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយធ្វើការណែនាំ ពីការដាំដុះសរីរាង្គដល់កសិករ និងការដឹកជញ្ជូនរួមគ្នា តាមរយៈសហគមន៍កសិកម្ម ។

លោកបញ្ជាក់ថា នៅឆ្នាំនេះ អង្គការ IVY នឹងធ្វើការអនុវត្តគម្រោង ដើម្បីឲ្យសហគមន៍កសិកម្ម ចំនួន៦ថែមទៀត ទទួលបានវិញ្ញាបនបត្រសរីរាង្គ ហើយក៏ខិតខំប្រឹងប្រែង បង្កើនបច្ចេកទេសរបស់កសិករ តាមរយៈការណែនាំបច្ចេកទេសដាំដុះថ្មី ដូចជាការផ្សាឈើ និងកាត់មែកដែលមិនចាំបាច់ចេញ ។

លោករំពឹងទុកថា ប្រាក់ចំណូលរបស់កសិករកម្ពុជា នឹងកើនឡើងកាន់តែខ្លាំង ដោយកសិករមានគោលដៅ នឹងអាចដាំដុះគ្រាប់ស្វាយចន្ទី ដែលមានតម្លៃបន្ថែម ក្នុងនាមជាដំណាំសរីរាង្គ ប្រកបដោយស្ថេរភាព ៕ ដោយ៖ធី លីថូ

To Top