ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។
ក្នុងប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពី ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលបាននិងកំពុងពង្រីក និងលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជា ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ព្រមទាំងគម្រោងសាងសង់ ផ្លូវ ស្ពាន ជាពិសេស គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ។ ផ្លូវដែកភ្នំពេញ-បាវិត , ភ្នំពេញ-សៀមរាប , សៀមរាប-ប៉ោយប៉ែត និងការតភ្ជាប់ ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្ម ត្រូវបានអភិវឌ្ឍន៍ផងដែរ” ។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ ក៏បានបង្ហាញពីការប្រើប្រាស់ យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ជាដើម ដើម្បីផ្ដល់សេវាសាធារណៈឲ្យកាន់តែលឿន និងពង្រីកការចូលរួមថែរក្សាផ្លូវ ពីសំណាក់ប្រជាពលរដ្ឋ ៕
ដោយ ៖ អេង ប៊ូឆេង