ព័ត៌មានជាតិ

ដោយសារខឹង ខាងស្រីសុំចែកផ្លូវ និស្សិតប្រុស បង្ហោះចែកចាយវីដេអូ អាសភាស ទុកជាការគំរាម

ភ្នំពេញ ៖ និស្សិតម្នាក់ ត្រូវគ្រួសារខាងស្រី នាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដោយសារបង្ហោះវីដេអូ អាសអាភាសជាមួយសង្សារ ដែលបានថតនាពេលកន្លងមក ដោយសារខឹង នាងសុំចែកផ្លូវគ្នា ។ ការឃាត់ខ្លួនខាងប្រុសនេះ នៅវេលាម៉ោង១៨ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ជនរងគ្រោះឈ្មោះ គ.ស.ឡ អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនតី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យ ជាសង្សារឈ្មោះ វ៉ាន់ សុគន្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យធ្លាប់ស្រឡាញ់គ្នា តាំងពីឆ្នាំ២០១៦ រហូតដល់ចុងឆ្នាំ ២០១៨ ដោយធ្លាប់មានស្នេហាផ្អែមល្ហែម ជាមួយគ្នា និងថតរូប-ថតវីដេអូទុកក្នុងទូរស័ព្ទដៃ ។ បន្ទាប់មកក៏មានទំទាស់គ្នា ខាងស្រីសុំចែកផ្លូវ ។ ពេលនោះខាងប្រុសបានបង្ហោះរូបថតវីដេអូ អាសអាភាសទៅទូរស័ព្ទដៃ របស់នាងជាសង្សារ តាមប្រព័ន្ធ Messenger Facebook ដោយគំរាមជនរងគ្រោះថា បើបែកគ្នា នឹងបង្ហោះវីដេអូឲ្យគេមើល ហើយបានទារលុយពីជនរងគ្រោះ ៥០០ដុល្លារ តែជនរងគ្រោះមិនឲ្យ ។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យជាមួយក្រុមគ្រួសារទាំងពីរ (ខាងប្រុស និងខាងស្រី) បានជួបគ្នាធ្វើកិច្ចសន្យា មិនបង្ហោះរូបថតវីដេអូ អាសអាភាសទៅខាងក្រៅទេ និងឲ្យទូរស័ព្ទដៃជនសង្ស័យ ទៅជនរងគ្រោះលុបរូបថតវីដេអូ អាសអាភាសទាំងអស់ ពីក្នុងទូរស័ព្ទជនសង្ស័យ ។

ស្រាប់តែរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១៧និង១៥នាទី ក៏មានគេផ្ញើរូបថតវីដេអូអាសអាភាស របស់ជនរងគ្រោះ តាមប្រព័ន្ធ Messenger Facebook ទៅទូរស័ព្ទដៃជនរងគ្រោះ រួចជនរងគ្រោះសួរគេប្រាប់ថា បានរូបថតវីដេអូនេះពីក្នុងគ្រុប Messenger Facebook ដែលជនសង្ស័យ បង្ហោះចូលកន្លងមក ។ រហូតដល់ម៉ោង១៨នាទីថ្ងៃដដែល ជនរងគ្រោះ និងក្រុមគ្រួសារណាត់ជួប ជនសង្ស័យនៅក្នុងវត្តនិរោធ រួចក៏នាំខ្លួនជនសង្ស័យប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលនិរោធ ធ្វើការសាកសួរ ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបន្ត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញខណ្ឌច្បារអំពៅសាកសួរ និងកសាងសំណុំរឿង អនុវត្តបន្តតាមនីតិវិធី ៕

To Top