ព័ត៌មានជាតិ

ថ្ងៃ១៦ ធ្នូ និស្សិតន័រតុន​ ជាង៣ពាន់នាក់ នឹងទទួលសញ្ញាបត្រ

ភ្នំពេញ ៖ និស្សិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្របញ្ចប់ឆ្នាំសិក្សា២០១៦-២០១៧ និង២០១៧-២០១៨ របស់សាកលវិទ្យាល័យន័រតុន ជាង៣ពាន់នាក់ នឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅដឹព្រេមៀសេនធ័រ សែនសុខ (The Premier Center Sen Sok)។

យោងតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា និស្សិតអាចទទួលយកឯកសណ្ឋានបានលុះត្រាតែបានបំពេញគ្រប់លក្ខន្តិកៈ ។ ការបើកយកឯកសណ្ឋាន ចាប់ផ្តើមពី ថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី១២ ធ្នូ ជាកំណត់។

ចំពោះនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវកក់ប្រាក់ ៤០ដុល្លារ ក្នុងឯកសណ្ឋានមួយសម្រាប់។ តម្លៃជួលឯកសណ្ឋាន ៦ដុល្លារ ហើយសេវារដ្ឋបាល ក្នុងការរៀបចំ និងស៊ុមសញ្ញាបត្រ ១០ដុល្លារ។បន្ថែមពីនេះ ចំពោះនិស្សិត ថ្នាក់បរិញ្ញាបត្រ ត្រូវកក់ប្រាក់ទុក ៣០ដុល្លារ ក្នុងឯកសណ្ឋានមួយសម្រាប់ តម្លៃជួលឯកសណ្ឋាន ៥ដុល្លារ ហើយសេវារដ្ឋបាល ក្នុងការរៀបចំ និងស៊ុមសញ្ញាបត្រ ៥.៥ដុល្លារ។

និស្សិតទាំងអស់ ត្រូវប្រគល់ឯកសណ្ឋាន មកសាលាវិញចាប់ពីថ្ងៃទី២៥ ធ្នូ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ខាងមុខ ។ ក្នុងករណី យឺតយ៉ាវ រឺខូច សាកលវិទ្យាល័យន័រតុន នឹងមិនទទួលយកវិញឡើយ ដោយធ្វើការទូទាត់ ជាមួយសាច់ប្រាក់ដែលបានកក់។

សូមរំលឹកថា និស្សិតដែលត្រូវទទួលសញ្ញាបត្រ នៅថ្ងៃទី១៦ ធ្នូ ខាងមុខ ទៅពិនិត្យមើលឈ្មោះ នៅសាកលវិទ្យាល័យន័រតុន ជាន់ផ្ទាល់ដី អគារធំ ហើយកន្លែងបង់ប្រាក់ថ្លៃ ជួលឯកសណ្ឋាន នៅបន្ទប់ Cashier (G-05) ។ ចំណែកកន្លែងទទួលយកឯកសណ្ឋាន នៅអគារធំ(G) បន្ទប់ GB-09 ជាន់ក្រោមដី ម៉ោងធ្វើការសម្រាប់ បើកជួលឯកសណ្ឋាន ចាប់ពីថ្ងៃចន្ទ-សៅរ៍ វេលាម៉ោង៨ព្រឹក ដល់៧យប់ ៕

ដោយ ៖ អេង ប៊ូឆេង

To Top