ព័ត៌មានជាតិ

អ្នកជំនាញ ៖ សំណង់អគារ តាមបែបបារាំង ទាមទារឲ្យថែរក្សា និង អភិរក្សឲ្យល្អ

ភ្នំពេញ ៖ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវ អក្សរសិល្ប៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងជាសំណូមពរ ក៏ដូចជាសំណើរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិ សម័យទំនើបរបស់កម្ពុជា ដែលទាមទារឲ្យមានការថែរក្សា និងអភិរក្សឲ្យបានល្អប្រសើរ ។

នេះបើតាមការចេញផ្សាយ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលលោក សេង សុវណ្ណដារ៉ា លើកឡើងក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថ និងសំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរ ពីសម័យឧដុង្គ ដល់សម័យបច្ចុប្បន្ន» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកថា ក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើន ជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិ បារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុប នៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅ តាមតំបន់រដ្ឋបាលផ្សេងៗជាដើម។

បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗ ក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមាន តាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សា តាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួន ដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេស លោកខាងលិច ពិសេសសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយ របស់ព្រះចៅអធិរាជបារាំងថ្វាយ សម្ដេចព្រះនរោត្ដមក្នុងឆ្នាំ១៩៧៦ ។

លោកឲ្យដឹងទៀតថា សំណង់ដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺសំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនាបថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។

បើតាមការលើកឡើង របស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងការធ្វើទំនើបកម្ម រាជធានីភ្នំពេញ ក្នុងសម័យ សង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្ម របស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម៕

To Top