ព័ត៌មានជាតិ

ទូតជប៉ុនទស្សនកិច្ច នៅមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart នាខេត្តកណ្តាល ដើម្បីយល់ដឹងអំពីជំងឺមហារីកកុមារ និងការមើលថែទារក

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលព្យាបាលកុមារJapan Heart នៅខេត្តកណ្តាល និងបានយល់ដឹងអំពីជំងឺមហារីកកុមារ និងការមើលថែទារក។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨ មកអង្គការក្រៅរដ្ឋាភិបាលជប៉ុន “Japan Heart” បាននិងកំពុងធ្វើសកម្មភាពវេជ្ជសាស្ត្រ រួមទាំងការវះកាត់នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា ដោយមិនគិតថ្លៃ។ នៅឆ្នាំ ២០១៦ អង្គការបានបង្កើត មជ្ឈមណ្ឌលព្យាបាលផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់សកម្មភាពរបស់ខ្លួន។ លើសពីនេះទៅទៀត នៅខែមិថុនា ឆ្នាំ២០១៩ អង្គការបានសាងសង់ មជ្ឈមណ្ឌលអាហារថ្មីមួយ ដែលផ្តល់អាហារបំប៉ន ដល់អ្នកជំងឺកុមារនិង ផ្តល់ការណែនាំដល់គ្រួសាររបស់ពួកគេ អំពីអាហារូបត្ថម្ភផងដែរ។

អង្គការបានចូលរួមចំណែក ទាំងក្នុងការព្យាបាលអ្នកជំងឺមួយចំនួន និងបណ្តុះបណ្តាលបុគ្គលិកពេទ្យកម្ពុជា។ នៅថ្ងៃដដែល លោកឯកអគ្គរាជទូត មិកាមិ ក៏បានជួបសំណះសំណាល ជាមួយនឹងប្រធានមន្ទីរពេទ្យបង្អែកពញាឮ លោកវេជ្ជបណ្ឌិត សុខ ធន អំពីស្ថានភាពវេជ្ជសាស្រ្ត នៅក្នុងមន្ទីរពេទ្យផងដែរ៕

To Top